រាជធានីភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើដល់ភាគីអូស្រ្ដាលី ជួយរៀបចំផែនការមេគ្រប់គ្រងទឹកកខ្វក់ទូទាំងប្រទេស ក្នុងជំនួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូត អូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគារ Raffles Le Royal កាលពីថ្ងៃទី១៧ វិច្ឆិកា ២០២១។

ក្នុងជំនួបនេះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើឱ្យភាគីអូស្ត្រាលីពិនិត្យ និងធ្វើបច្ចុប្បន្នភាពស្តង់ដាបច្ចេកទេសសាងសង់ផ្លូវនិងស្ពានរបស់ប្រទេសអូស្ត្រាលី(P4i) ដើម្បីឱ្យស្របតាមការរីក ចម្រើនផ្នែកបច្ចេកវិទ្យា និងប្រែប្រួលអាកាសធាតុ និងបានបញ្ជាក់ថាកម្ពុជា៖ បានអនុវត្តតាមស្តង់ដានេះ អស់រយៈពេលជាង១០ឆ្នាំកន្លងទៅហើយ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានស្នើផងដែរឱ្យភាគីអូស្ត្រាលីជួយរៀបចំផែនការមេសម្រាប់ការគ្រប់គ្រងទឹកកខ្វក់នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយហេតុថាកំណើនប្រជាជន និងកំណើននៃការអភិវឌ្ឍសេដ្ឋកិច្ចកាន់តែខ្លាំងដែលធ្វើឱ្យ ទឹកកខ្វក់ត្រូវបានបង្ហូរចេញទៅសមុទ្រដោយផ្ទាល់ ឬគ្មានការចម្រោះមុនបង្ហូរចូលសមុទ្រ។

បន្ថែមពីលើនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើឱ្យភាគីអូស្ត្រាលីពិនិត្យលទ្ធភាពលើការជួយគាំទ្រដល់ការ បណ្តុះបណ្តាលនៅវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន ដើម្បីពង្រឹងសមត្ថភាពវិស្វករ កម្ពុជាឱ្យមានសមត្ថភាពអាចសាងសង់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព និងការរៀបចំគោល នយោបាយសម្រាប់ការដឹកជញ្ជូនបៃតង និងបានគូសបញ្ជាក់ពីតួនាទីចម្បងនៃវិស័យឯកជនក្នុងការ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទាំងមូលសម្រាប់សម្រាប់គាំទ្រដល់ការដឹកជញ្ជូនបៃតង ហើយក្រសួងនឹងខិតខំ ប្រឹងប្រែងពន្លឿន និងលើកទឹកចិត្តឱ្យមានការប្រើប្រាស់យានយន្តដើរដោយថាមពលអគ្គិសនីកាន់តែទូលំ ទូលាយ។

ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូតអូស្ត្រាលី បានធ្វើការកត់សម្គាល់សំណើទាំងឡាយ ដែលបាន លើកឡើងដោយឯកឧត្តមទេសរដ្ឋមន្ត្រី និងសន្យាឆ្លើយតបប្រកបដោយវិជ្ជមាន។ បន្ថែមពីលើនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្តែងនូវចំណាប់អារម្មណ៍របស់ខ្លួនលើការអភិវឌ្ឍវិស័យដឹកជញ្ជូនបៃតង ដើម្បីកាត់បន្ថយបម្រែបម្រួលអាកាសធាតុ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅកម្ពុជា៕