តាមធម្មតាគេតែងតែនិយាយថា មនុស្សដែលមាន IQ ខ្ពស់ភាគច្រើនជាមនុស្សជោគជ័យ មានសមត្ថភាពខ្លាំង និង​មាន​អនាគតល្អជាដើម។ ការគិតនេះមិនប្រា​កដថាខុស ហើយក៏មិនច្បាស់ថាត្រូវទាំងស្រុងដែរព្រោះត្រឹមតែឆ្លាតវៃមិនទាន់គ្រប់គ្រាន់នោះទេក្នុងការធ្វើឱ្យជីវិតល្អប្រសើរវាទាមទារឱ្យមានផ្នែកជាច្រើនផ្សេងទៀតក្នុងការរស់នៅ។

លោក ឆាំ ប៊ុនថេត គ្រូបណ្តុះបណ្តាល និងជាអ្នកអប់រំមួយរូបនៅកម្ពុជាបានលើកឡើងថា មនុស្សដែលមានកម្រិតបញ្ញា (IQ) ខ្ពស់​គឺជារឿងល្អតែមិនទាន់គ្រប់គ្រាន់នៅឡើយទេសម្រាប់ក្លាយជាមនុស្សដែលមានសុភមង្គលនិងអភិវឌ្ឍជីវិតបានល្អ។ អ្វីដែលសំខាន់នោះ គឺត្រូវការវិធីក្នុងការប្រើប្រាស់ភាពឆ្លាតវៃនោះឱ្យបានល្អនិងដោយភាព​ហ្មត់ចត់។ ជាក់ស្តែង មនុស្សឆ្លាតមិនមែនសុទ្ធតែជោគជ័យនោះទេប្រសិនបើពួកគេមិនបានប្រើប្រាស់ភាពឆ្លាតវៃនោះដើម្បីអភិវឌ្ឍសមត្ថភាពឱ្យបានត្រឹមត្រូវ។ ផ្ទុយមកវិញ វាអាចនឹងបង្ករគ្រោះថ្នាក់ថែមទៀតផងប្រសិនបើមនុស្សឆ្លាតម្នាក់ប្រើប្រាស់ភាពឆ្លាតវៃនោះដើម្បីធ្វើរឿងមិនល្អ។

លោក ឆាំ ប៊ុនថេត បាននិយាយថា៖«​អ្វីដែលមនុស្សត្រូវការដើម្បីអភិវឌ្ឍសមត្ថភាពឱ្យបានល្អនិងក្លាយជាមនុស្សខ្លាំងបន្ថែមពីលើភាពឆ្លាតវៃ (IQ)ផ្នែកបញ្ញានោះ គឺភាពឆ្លាតវៃផ្នែកអារម្មណ៍ (EQ)»។ 

អ្នកអប់រំខាងលើថា ភាពឆ្លាតវៃខាងអារម្មណ៍ (EQ)គឺជាចំណេះដឹង និងសមត្ថភាពយ៉ាងសំខាន់ដើម្បីធ្វើឱ្យយើងក្លាយជាមនុស្សខ្លាំងនិងរស់នៅដោយមានក្តីសុខ។ ជាក់ស្តែង បច្ចុប្បន្ននេះមានមនុស្សមិនតិចទេដែលមានសមត្ថភាពវិជ្ជាជីវៈ តែពួកគេនៅតែមិនសូវអភិវឌ្ឍលឿន ដោយសារតែ​ពួកគេមិនមានទម្លាប់ល្អក្នុងការរស់នៅនិងផ្នត់គំនិតនៃការអនុវត្តសកម្មភាពនានាមិនទាន់បានមានភាពល្អប្រសើរ។ 

ជាក់ស្តែងយើងឃើញហើយថា ផ្នត់គំនិតរបស់មនុស្សម្នាក់ៗជាចំណុចគោលយ៉ាងសំខាន់ក្នុងការកំណត់​ពីទិសដៅជីវិតនិងភាពរីកចម្រើនក្នុងការរស់នៅ។ មនុស្សពូកែ ឬឆ្លាតបែបណាក៏ដោយតែដើរផ្លូវខុសហើយគាត់នឹងត្រូវចំណាយថាមពល និងពេលវេលាច្រើនដើម្បី​សម្រេចការងារខណៈអ្នកដែលដើរផ្លូវត្រូវអាចអភិវឌ្ឍសមត្ថភាព សម្មិទ្ធិផល និង​ផលប្រយោជន៍លឿនជាង​អ្នកដែលដើរផ្លូវមិនត្រឹមត្រូវ។

ជារួមការយកចិត្តទុកដាក់សិក្សាពី​ភាពឆ្លាតខាងអារម្មណ៍ អាចនឹងធ្វើឱ្យ​យើងសម្រួចសមត្ថភាពកាន់តែខ្លាំងដោយសារវាអាចនឹងក្លាយជាកម្លាំងជំនួយយ៉ាងសំខាន់ ក្នុងការជំរុញជីវិតរបស់យើងឱ្យដើរកាន់តែលឿន​លើគ្រប់កិច្ចការទាំងអស់៕