ភ្នំពេញ ៖ ចង់ដឹងទេថា តើទិញផ្ទះយ៉ាងដូចម្តេច ដើម្បីវិនិយោគយកប្រាក់ចំណេញមកវិញបានឆាប់រហ័ស និងលក់ដាច់លឿន។ ចម្ងល់នេះត្រូវបានបង្ហើបដោយលោក ច្រឹក សុខនីម ប្រធានសមាគមភ្នាក់ងារ និងវាយតម្លៃអចលនវត្ថុកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ  Century 21 Mekong ផងដែរ។ 

ជាការចែករំលែកនូវចំណេះដឹង លោក ច្រឹក សុខនីម បានមានប្រសាសន៍ថា ការទិញផ្ទះដែលអាចទទួលបានផលចំណេញខ្ពស់ គឺមានពាក់ព័ន្ធទៅនឹងចំណុចសំខាន់ៗមួយចំនួន ដូចជាការចេះឆក់ឱកាស ការចេះសម្លឹងមើលពីទីតាំងគម្រោង រួមជាមួយនឹងកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនសាងសង់ផងដែរ។ ជាមួយគ្នានេះ អ្នកទិញក៏គួរដឹងពីគន្លឹះផ្សេងៗទៀតដូចជា ៖ 

- ទិញផ្ទះដែលទើបសាងសង់?

ហេតុអ្វី លោកអ្នក ត្រូវទិញផ្ទះទើបនឹងសាងសង់ ព្រោះម្ចាស់គំរោងខ្លះពួកគេ មិនសូវមានទុនច្រើនសម្រាប់បង្វិលទេ។ ទើបផ្ទះពួកគេត្រូវការទុន ដើម្បីសាងសង់គំរោងលំនៅដ្ឋានរបស់ពួកគេ ហេតុនេះដំណាក់កាលដំបូងផ្ទះរបស់ពួកគេមានតម្លៃធូរថ្លៃជាងផ្ទះធ្វើរួចហើយ ឬធ្វើជិតរួច។

- ធម្មតាផ្ទះតែងតែឡើងថ្លៃ

មិនថាតែអ្នកវិនិយោគមានប្រាក់តិច ឬមានប្រាក់ច្រើនទេ តែងតែលក់ផ្ទះរបស់ខ្លួនឡើងថ្លៃ តាមដំណាក់កាលនៅពេលផ្ទះរបស់ ពួកគេសាងសង់បានកាន់តែច្រើន។ ហេតុនេះការទិញគំរោងតំបូង លោក អ្នកអាចចំណេញចន្លោះពី១០ទៅ២០ភាគរយនៃតំលៃលំនៅដ្ឋានរបស់ខ្លួន។

- ទិញផ្ទះដែលអ្នកស្រលាញ់

ធម្មតាផ្ទះដែលអ្នកស្រលាញ់ ក៏អាចអ្នកដទៃស្រលាញ់ ព្រោះជាផ្ទះអាចប្រកបអាជីវកម្មបាន ឬជាផ្ទះដែលស្ថិតនៅទីតាំងមិនសូវអ៊ូអរ ដែលជាការនិយមរបស់មនុស្សដែលនិយមភាពស្ងប់ស្ងាត់ និងមិនមានបំណងចង់ធ្វើអាជីវកម្មអ្វីមួយ។

- គិតពីហុងស៊ុយ

ជំនឿហុង ស៊ុយមានសារៈសំខាន់ណាស់ ក្នុងផ្នត់គំនិតជនជាតិចិន និងជនជាតិខ្មែរផងដែរ ព្រោះផ្ទះបែរមុខទៅទិសខាងលិច ជាផ្ទះមិនសូវមានការពេញនិយមទេ។ ពិសេសផ្ទះលែងមានលូនៅចំពីមុខ ឬពីចំហៀង មិនសូវទទួលបានការចាប់អារម្មណ៍ពីអ្នកទិញឡើយ ព្រោះពួកគេមានជំនឿថា មិនសូវមានសិរីសួស្តី និងសុខមាលភាពក្នុងការរស់នៅ។

- ទិញផ្ទះអាចរកស៊ីបាន

តាមធម្មតាផ្ទះនៅខាងមុខ អាចរកស៊ីបានតែងមានតំលៃខ្ពស់ជាងគេបន្តិច ប៉ុន្តែក៏ជាផ្ទះឡើងថ្លៃលឿនជាងគេ និងចំណេញច្រើនជាងគេផងដែរ ព្រោះផ្ទះប្រកបអាជីវកម្មបាន ជាប្រភេទផ្ទះដែលមានមនុស្សច្រើនឆ្លងកាត់ និងងាយទទួលបានការចាប់អារម្មណ៍។

- កេរ្ត៍ឈ្មោះបុរី ឬគុណភាពសំណង់

អ្នកត្រូវប្រាកដថា បុរីដែលអ្នកបានទិញជាបុរីមិនមានបញ្ហា និងតែងតែផ្តល់ទំនុកចិត្តដល់អតិថិជន លើគុណភាពសំណង់របស់ផ្ទះនិមួយៗ ព្រោះការទិញផ្ទះឬគំរោងលំនៅដ្ឋាន ដែលមិនបានគិតគូរម៉ត់ចត់ពីគុណភាពសំណង់ ធ្វើឲ្យអ្នកត្រូវជួបផលវិបាកជាច្រើន លើការជួសជុលមិនចេះចប់មិនចេះហើយ និងពិបាកក្នុងការលក់ ឬស្វែងរកអតិថិជនផងដែរ ប្រសិនជាទិញប៉ះចំលំនៅដ្ឋានបែបនេះ៕

ដោយ ៖ សំណាង