បច្ចុប្បន្នការប្រកបមុខរបររកសុីតាមអនឡាញ ត្រូវបានមនុស្សម្នាជាច្រើននិយមចូលចិត្ត មិនថាក្មេងនិងចាស់នោះទេ ហើយពីមួយថ្ងៃទៅមួយថ្ងៃ ក៏មានអតិថិជនភាគច្រើននិយម ចូលចិត្តទិញតាមអនឡាញផងដែរ។ ប៉ុន្តែក្នុងនោះក៏មានអ្នកលក់អីវ៉ាន់តាមអនឡាញ មួយចំនួនផ្សេងទៀត ដែលតែងតែត្រូវបោះបង់ចោលពាក់កណ្តាលទី ដោយសារលក់មិនដាច់។ មានកត្តាជាច្រើនដែលបណ្តាលឲ្យអ្នកលក់តាមអនឡាញមួយចំនួន មិនទទួលបានជោគជ័យ និងការគាំទ្រពីអតិថិជនឡើយ។ ហេតុដូច្នេះថ្ងៃនេះខ្ញុំនឹងធ្វើការ ចែករំលែកអ្នកទាំងអស់គ្នាពីវិធីសាស្រ្តមួយចំនួន ដើម្បីធ្វើទីផ្សារក្នុងវិស័យអនឡាញឲ្យមហាជនឆាប់ស្គាល់ និងចង់ទិញផលិតផលរបស់លោកអ្នក។

១. ឈ្មោះប្រេនផលិតផល

សម្រាប់អ្នកដែលជ្រើសរើសអាជីវកម្មគ្រាន់តែជាអ្នកតំណាងចែកចាយផលិតផលលោកអ្នកត្រូវឆ្លាតវ័យក្នុងការជ្រើសរើសផលិតផលណាមួយដែលមានម្ចាស់ផលិតផលកេរ្តិ៍ឈ្មោះល្បីល្បាញនិងមានការទទួលស្គាល់គុណភាពផលិតផលច្រើនពីមហាជន។ ដោយ ហេតុថាឈ្មោះប្រេនដែលល្បីល្បាញនឹងធ្វើឲ្យអ្នកឆាប់មានអតិថិជនច្រើនក្នុងការជេវ។

២. កំណត់គោលដៅឲ្យបានច្បាស់លាស់

សម្រាប់ម្ចាស់អាជីវកម្មនីមួយៗតែងតែមានគោលដៅក្នុងការលក់ផលិតផលរបស់ខ្លួនឲ្យដាច់ច្រើនទៅតាមការកំណត់របស់ពួកគេ។ដូច្នេះដើម្បីឲ្យគោលដៅក្នុងការលក់របស់ខ្លួន ទទួលបានជោគជ័យអ្នកអនុវត្តការផុសក្នុងផេក និងតាមក្រុមឲ្យបានទៀងទាត់ ជារៀងរាល់ថ្ងៃ។ 

៣. គំនិតច្នៃប្រឌិត

មិនថាក្នុងការថតរូបផលិតផល ការតុបតែងខ្លួនពេល Liveផលិតផលម្តងៗ និងការ សរសេរពាក្យពេលផុសរូបភាពផលិតផលម្តងៗនោះទេ។ អ្នកត្រូវមានគំនិតថ្មីៗនិងការកែច្នៃពន្លឺរូបភាពឲ្យបានស្រស់ស្អាតដើម្បីទាក់ទាញក្រសែភ្នែកមហាជនតាមបណ្តេញសង្គមឲ្យចង់ធ្វើការជេវផលិតផលរបស់អ្នកភ្លាមៗតែម្តង។

៤. កាលវិភាគជាប្រចាំសប្តាហ៍

តាមរយៈការលក់ដូរផលិតផលក្នុងអនឡាញម្ចាស់អាជីវកម្មនីមួយៗក៏មិនគួរភ្លេចខ្លួនធ្វើការវិភាគ ពីកំណើននិងការថយចុះអតិថិជន ក្នុងការជាវផលិតផលរបស់ខ្លួនជាប្រចាំ សប្តាហ៍ផងដែរព្រោះថា តាមកាលវិភាគពីការលក់ផលិតផលរបស់ខ្លួនជាប្រចាំថ្ងៃ វានឹងធ្វើឲ្យអ្នកបានដឹងពីរបៀបលក់ចំណង់ចំណូល និងការនិយមចូលចិត្តរបស់អតិថិជន ទៅលើផលិតផលរបស់អ្នក៕