រាជធានីភ្នំពេញ៖ ក្រុមហ៊ុន ជេអេសលែន ភីអិលស៊ី ជាក្រុមហ៊ុនទីមួយស្ថិតក្នុងវិស័យអចលនទ្រព្យ ដែលបានឈានជើងចូលផ្សារមូលបត្រកម្ពុជា។ នេះជាការលើកឡើងរបស់ ឯកឧត្តម ស៊ូ សុជាតិ ក្នុងថ្ងៃចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិរបស់ក្រុមហ៊ុននេះ កាលពីថ្ងៃទី១០ កុម្ភៈ ដែលមាននិមិត្តសញ្ញា JSL។

ឯកឧត្តម បានគូសបញ្ជាក់ផងដែរថា ក្រុមហ៊ុន ជេអេសលែន គឺជាក្រុមហ៊ុនល្អ និងច្បាស់លាស់មួយ ដែលហ៊ានចុះបញ្ជីនៅផ្សារមូលបត្រ ដោយក្រុមហ៊ុន មានអភិបាលកិច្ចល្អ មានតម្លាភាពរបាយការណ៍ហិរញ្ញវត្ថុ ដែលផ្ដល់ទំនុកចិត្តដល់អតិថិជន មិនមែនមួយថ្ងៃ ឬមួយឆ្នាំ គឺរហូតក្នុងការកាន់កាប់ នៅក្នុងការទទួលបាន សិទ្ធិលើខុនដូររបស់ក្រុមហ៊ុន ជេអេសលែន។

ក្រុមហ៊ុន JSL មានភាគហ៊ុន ចុះបញ្ជីសរុបចំនួន ២៥.៧១០.០០០ ភាគហ៊ុន ជាមួយនឹងថ្លៃបោះផ្សាយលក់មូលបត្រលើកដំបូងក្នុងមួយឯកតាស្មើ ១.៩០០រៀល និងមានមូលធនូបនីយកម្មទីផ្សារសរុបប្រមាណ ១២លានដុល្លារអាមេរិក។

មកដល់ពេលនេះ ផ្សារមូលបត្រកម្ពុជាមានក្រុមហ៊ុនចំនួន ១៥ហើយដែលបានចុះបញ្ជី ដែលក្នុងនោះ មានក្រុមហ៊ុនចំនួន ៩  បានចុះបញ្ជីភាគហ៊ុន និង៦ទៀត បានចុះបញ្ជីជាសញ្ញាបណ្ណអាជីវកម្ម។ សរុបទុនដែលក្រុមហ៊ុនទាំងអស់ប្រមូលកៀរគរបានពីទីផ្សារមូលបត្រ មានប្រមាណជា ២៨១លានដុល្លារអាមេរិក។

ឧកញ៉ា កូយ ឡេសាន ប្រធានក្រុមប្រឹក្សាភិបាលប្រតិបត្តិ ក្រុមហ៊ុន ជេអេសលែន ភីអិលស៊ី បានលើកឡើងផងដែរថា ការប្រមូលមូលធនតាមរយៈទីផ្សារភាគហ៊ុន នឹងអនុញ្ញាតឲ្យក្រុមហ៊ុន ពង្រីកខ្លួននិងពន្លឿនផែនការមេរបស់ក្រុមហ៊ុនឲ្យលេចជារូបរាងឡើងកាន់តែច្បាស់ក្នុងពេលដ៏ខ្លីខាងមុខ។ លើសពីនេះទៀត ការក្លាយជាក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា នឹងផ្ដល់ឲ្យក្រុមហ៊ុននូវការប្រកួតប្រជែងមួយដែលឈានមុខគេ បង្កើតបាននូវទំនុកចិត្ត៕