ខេត្តកណ្ដាល៖ ហេដ្ឋារចនាសម្ព័ន្ធចំណតផែកុងតឺន័រ LM១៧ ជំហានទី៣ ដំណាក់កាលទី១ របស់កំពង់ផែស្វយ័តភ្នំពេញ ឋិតនៅភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ត្រូវបានដាក់ឲ្យដំណើរការក្រោមអធិបតីភាព ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង ឯកឧត្តម ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ សមាជិកសមាជិកាក្រុម ប្រឹក្សាភិបាល មន្ត្រីត្រួតពិនិត្យរដ្ឋរបស់កំពង់ផែស្វយ័តភ្នំពេញ ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត កណ្ដាល មន្ត្រីរាជការ និងភាគីពាក់ព័ន្ធផងដែរ។ ។
យោងតាមរបាយការណ៍កំពង់ផែស្វយ័តភ្នំពេញ នៅឆ្នាំ២០១១កំពង់ផែបានសម្រេចធ្វើការវិនិយោគលើការពង្រីកចំណតផែកុងតឺន័រ LM១៧ ឋិតនៅលើផ្ទៃដីទំហំ១០ ហិកតា មានសមត្ថភាពផ្ទុកកុងតឺន័រ បាន ១៥០ 000 TEUs ក្នុងមួយឆ្នាំ ដោយប្រើប្រាស់ទុនវិនិយោគ ដែលបានមកពីកម្ចីឥណទានរបស់សាធារណរដ្ឋប្រជាមានិតចិនក្នុងទឹកប្រាក់ប្រមាណ២៨ ៩០០ ០០០ ដុល្លារអាមេរិក ដោយពុំទាន់ រាប់បញ្ចូលគ្រឿងចក្រលើកដាក់ទំនិញ ដើម្បីឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់។
ដោយឡែកកំណើនកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញ គិតជាមធ្យមប្រចាំឆ្នាំមានចន្លោះពី១៥% ទៅ ១៨% ក្នុងនោះ៖ ឆ្នាំ២០១៩បរិមាណកុងតឺន័រឆ្លងកាត់មានចំនួន ២៨១ ០៤៣ TEUs និងឆ្នាំ២០២០ មានចំនួន២៩០ ៨៥៧ TEUs ទោះបីជាមានវិបត្តិដែលកើតឡើងដោយជំងឺកូវីដ-១៩ក៏ដោយ ដែលបរិមាណនេះបានឈានជិតដល់សមត្ថភាពផ្ទុកកុងតឺន័រសរុបនៃចំណតផែកុងតឺន័រ LM១៧ ជំហានទី១ និងទី២ ដែលនាំឱ្យមានតម្រូវការពង្រីកហេដ្ឋារចនាសម្ព័ន្ធបន្ថែមនៃចំណតផែកុងតឺន័រ LM១៧ ដូច្នេះហើយទើបនៅចុងឆ្នាំឆ្នាំ២០១៩ កំពង់ផែស្វយ័តភ្នំពេញបានអនុវត្តគម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធនៃចំណតផែកុងតឺន័រLM១៧ ជំហានទី៣ ដំណាក់កាលទី១នេះ។
បន្ថែមពីលើនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ យើងមិនរើសអើងការផ្តល់ជំនួយរបស់ ប្រទេសណាទេ មិនថាជប៉ុន កូរ៉េ ថៃ វៀតណាម ធនាគារពិភពលោក ឬធនាគារអភិវឌ្ឍន៍អាស៊ីឡើយ ជាក់ ស្តែងកំពង់ផែស្វ័យតនៅក្រុងព្រះសីហនុ គឺជាប្រាក់កម្ចីពីប្រទេសជប៉ុន មិនដូចការចោទប្រកាន់ថាយើង ពឹងតែមិត្តចិនរហូតនោះទេ ពោលគឺឱ្យតែការអភិវឌ្ឍណាដែលប្រើប្រាក់កម្ចីសម្បទាន លឿន ទាន់ពេល វេលា ទាន់តម្រូវការអភិវឌ្ឍរបស់ប្រទេសជាតិមាតុភូមិយើង យើងទទួលយកទាំងអស់ ប៉ុន្តែយើងមិន ទទួលទេ បើប្រាក់កម្ចីនោះមានការប្រាក់ខ្ពស់ពេក លក្ខខណ្ឌស្មុគស្មាញ ចំណាយពេលសិក្សារហូត៥ឆ្នាំទៅ៦ឆ្នាំ ទើបអនុម័តឱ្យខ្ចី ដែលធ្វើឱ្យយើងខាតបង់សេដ្ឋកិច្ចច្រើនក្នុងការកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរបស់យើង។
ជាទីបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្ដែងការគាំទ្រដល់ការបង្កើតផែរណប១០០% និងបានជំរុញឱ្យកំពង់ផែស្វយ័តភ្នំពេញសហការជាមួយផ្នែកឯកជនក្នុងការបង្កើតផែរណបថែមទៀតឱ្យបានច្រើន ដើម្បីបង្កើនប្រសិទ្ធភាពនៃការដឹកជញ្ជូនតាមផ្លូវទឹក ដោយហេតុថាយើងមានតែកំពង់ផែស្វយ័តតែមួយ នៅភ្នំពេញមិនអាចដឹកទំនិញកសិផលនៅទូទាំងប្រទេសមកកំពង់ផែស្វយ័តភ្នំពេញបានទេ៕