បើនិយាយពីការរកស៊ី គេនឹងនិយាយពីដើមទុន ព្រោះទោះបីជាមានគំនិតល្អប៉ុណ្ណាក៏ដោយ ឱ្យតែមិនមានសមត្ថភាពក្នុងការប្រមូលទុននិងវិនិយោគ គំនិតច្នៃប្រឌិតទាំងអស់នោះនឹងក្លាយជាគំនិតដែលមានតែលើក្រដាសតែប៉ុណ្ណោះ។ហេតុនេះ ហើយទើបការប្រមូលទុន គឺជារឿងសំខាន់ខ្លាំងណាស់ដែលអ្នករកស៊ីទាំងអស់មិនគួរមើលរំលង។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក ឃន ឈុនដារ៉ា ម្ចាស់ហាងកាហ្វេ KOI បានថ្លែងថា ដើមទុនគឺជារឿងសំខាន់ណាស់សម្រាប់មុខរបរទាំងអស់។ ហេតុនេះ មុននឹងចេញរកស៊ី អ្នកម្ចាស់អាជីវកម្មត្រូវតែគិតគូរឱ្យបានច្បាស់ពីប្រភពទុន ដែលអាចរកបាន។ លោកថាការប្រមូលទុនរកស៊ីអាចមានច្រកសំខាន់ៗមួយចំនួនដូចជា ការប្រើប្រាស់លុយសន្សំការខ្ចីពីក្រុមគ្រួសារ ខ្ចីធនាគារ ឬអាចចូលរួមជាមួយដៃគួសហការជាដើម។
លោកបានបន្ថែមទៀតថា ក្នុងការរកស៊ីទោះបីជាយើងទទួលបានទុនពីច្រកណាក៏ដោយ ចាំបាច់ត្រូវតែប្រើប្រាស់វាឱ្យបានប្រុងប្រយ័ត្នបំផុត។ប្រសិនបើយើងគ្រប់គ្រងមិនបានល្អទេនោះ វានឹងធ្វើឱ្យយើងលំបាកហើយបាត់បង់ក្នុងរយៈពេលខ្លី។ ហេតុនេះទោះបីជាយើងមិនមានសម្ពាធដោយសារតែការខ្ចីលុយគេមករកស៊ី ក៏ដោយក៏ចាំបាច់ត្រូវតែខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពអភិវឌ្ឍអាជីវកម្មនោះរីកចម្រើនដែរ។
លោក ឈុនដារ៉ា បានបញ្ជាក់ផងដែរថា ដើម្បីធានាថាយើងបានប្រើប្រាស់ទុនដោយត្រឹមត្រូវអ្នករកស៊ីទាំងអស់ចាំបាច់ត្រូវមានគម្រោងការឱ្យបានច្បាស់លាស់ និងលម្អិតបំផុត។ យើងចាំបាច់ត្រូវតែដឹងពីទិសដៅ ផែនការសកម្មភាពនិងចំណុចលម្អិតជាច្រើនផ្សេងទៀតដើម្បីធានាថាយើងអាចដើរបានឆ្ងាយហើយប្រើប្រាស់ទុនដែលយើងមាននោះទៅតាមដំណាក់កាលបានល្អបំផុត។
បន្ថែមពីលើនេះអ្នករកស៊ីក៏គួរតែស្គាល់ឱ្យបានច្បាស់ផងដែរ ពីច្រកសម្រាប់ទុនបម្រុងឬរៀបចំទុនបម្រុងឱ្យបានល្អមុនពេលចាប់ផ្តើមសកម្មភាពអាជីវកម្ម ព្រោះទោះពីជាគំនិតល្អប៉ុណ្ណាក៏ដោយ ក៏អាចនឹងមានឧបសគ្គកើតឡើងដែរ។ហេតុនេះបើយើងបានត្រៀមខ្លួនល្អ យើងនឹងអាចដោះស្រាយឧបសគ្គអាជីវកម្មបានយ៉ាងល្អដែលនឹងធ្វើឱ្យវាអាចអភិវឌ្ឍបានប្រកបដោយនិរន្តរភាព៕