តើអ្នកធ្លាប់ឆ្ងល់ទេថាហេតុអីលោក Elon Musk និង Mark Zuckerberg មានទ្រព្យសម្បត្តិកាន់តែស្ដុកស្ដម្ភទៅៗដែរទេ? គំរូអាជីវកម្មរបស់ពួកគេអាចនឹងផ្ដល់ចម្លើយវិជ្ជមានសម្រាប់ចម្ងល់របស់អ្នក។
ដូចដឹងស្រាប់ហើយថា Facebook ភ្ជាប់ទំនាក់ទំនងរវាងមនុស្សនិងមនុស្សគ្រប់ទីកន្លែង Amazon ភ្ជាប់ទំនាក់ទំនងរវាងអ្នកលក់និងអ្នកទិញ ចំណែក Airbnb ភ្ជាប់ទំនាក់ទំនងរវាងម្ចាស់អគារ ឬផ្ទះទៅនឹងអ្នកដែលកំពុងស្វែងរកកន្លែងស្នាក់នៅ។ ម្ចាស់ជំនួញទាំងនេះមិនចាំបាច់មានផលិតផលផ្ទាល់ខ្លួនឡើយ ពោលគឺពួកគេគ្រាន់តែរិះរកវិធីដើម្បីភ្ជាប់ទំនាក់ទំនងរបស់មនុស្សប៉ុណ្ណោះ ហើយចាំតែកើបលុយជាបន្តបន្ទាប់។
លោក Mark Zuckerberg បានបង្កើតមធ្យោបាយមួយដែលអាចឱ្យមនុស្សគ្រប់គ្នា ទោះបីជាបាត់ការទាក់ទងគ្នាយូរប៉ុណ្ណា ឃ្លាតឆ្ងាយពីគ្នាប៉ុណ្ណា មិនថាជាមិត្តធ្លាប់រៀនសាលាជាមួយគ្នា សមាជិកគ្រួសារដែលបែកគ្នាយូរ មិត្តភ័ក្ដិ ឬអ្នកណាឡើយ។ អ្នកអាចស្វែងរកពួកគេបានដោយគ្រាន់តែស្គាល់ឈ្មោះ ហើយរកពួកគេនៅលើបណ្ដាញសង្គមយក្សនេះបាន។ មិនតែប៉ុណ្ណោះ Facebook ក៏មានកន្លែងដែលផ្សារភ្ជាប់អ្នកលក់ទៅនឹងអ្នកទិញ ជួយឱ្យមុខជំនួញនានាអាចកសាងកេរ្តិ៍ឈ្មោះ ម៉ាកយីហោ និងភាពជឿទុកចិត្តរបស់ខ្លួនបានផងដែរ។
ចុះថាតើធ្វើម៉េចទៅមធ្យោបាយខ្ចីដៃគេប្រើនេះអាចបង្កើតលុយឱ្យលោក Mark បាន? ពិតណាស់ មាតិកា (Content) គឺពិតជាសំខាន់ណាស់សម្រាប់មុខជំនួញជាច្រើននៅលើអ៊ីនធឺណិត ឬបណ្ដាញសង្គម ដែលនេះជាអ្វីដែលមនុស្សត្រូវការបញ្ចេញទំនាក់ទំនងជាមួយ។ Mark បានបង្កើតវេទិកាមួយដែលមនុស្សអាចបង្កើតមាតិកាដោយខ្លួនឯងដោយឥតគិតថ្លៃដើម្បីជាការកម្សាន្ត ឬចំណេះដឹងសម្រាប់ពួកគេ។ យូរទៅ Markបានបង្កើតមធ្យោបាយបន្ថែមដោយទាញរកប្រាក់ចំណេញ គឺមុខងារផ្សព្វផ្សាយមាតិកាទាំងនោះសម្រាប់អាជីវកម្ម ឬផ្សព្វផ្សាយផលិតផលដើម្បីអាចសាយភាយទៅដល់អតិថិជនគោលដៅរបស់ពួកគេ។ នេះគឺជាវិធីរកលុយដ៏វៃឆ្លាតបំផុត។
Amazon
និយាយពីពាណិជ្ជកម្មតាមបែបអេឡិចត្រូនិច Amazon អាចចាត់ចូលជាយក្សដ៏ធំមួយក្នុងវិស័យនេះតែម្ដង ហើយវិធីរកលុយរបស់ក្រុមហ៊ុននេះក៏មិនចាំបាច់ហត់អីដែរ។ ពួកគេមិនចាំបាច់មានផលិតផលអ្វីដែលត្រូវលក់ដោយខ្លួនឯងឡើយ តែអាចរកលុយបានតាមរយៈការភ្ជាប់ទំនាក់ទំនងរវាងអ្នកលក់ និងអ្នកទិញដែលនៅជុំវិញពិភពលោក។
Amazon គឺជាផ្សារអេឡិចត្រូនិកដែលអ្នកលក់អាចតាំងបង្ហាញផលិតផលរបស់ខ្លួននៅវេទិកានេះ ហើយអ្នកទិញអាចចូលទៅស្វែងរកផលិតផលដែលខ្លួនចង់បានពីច្រើនម៉ាកយីហោ និងតម្លៃផ្សេងៗគ្នាដោយមិនចាំបាច់ចេញពីផ្ទះឡើយ។ ហើយអ្វីដែល Amazon រកបានគឺកម្រៃជើងសាពីអ្នកលក់ទាំងនោះឯង។ ងាយៗ។
Airbnb
សម្រាប់អ្នកដែលមិនធ្លាប់ស្គាល់ Airbnb គឺជាទីផ្សារអនឡាញដែលជួយអ្នកណាដែលកំពុងស្វែងរកបន្ទប់ស្នាក់នៅ ឬបន្ទប់ជួលពីអ្នកដែលមានបន្ទប់ទំនេរ។ ក្រុមហ៊ុននេះក៏មិនបាច់មានផ្ទះផ្ទាល់ខ្លួនដើម្បីដាក់លក់ឬជួលដែរ តែជាកន្លែងដែលផ្សារភ្ជាប់រវាងអ្នកចង់រកទិញឬជួល ជាមួយម្ចាស់ផ្ទះដែលចង់អ្នកទិញឬជួលនេះឯង។
អ្វីដែល Airbnb ទទួលបានគឺកម្រៃជើងសារ3% ពីម្ចាស់ផ្ទះ ហើយពីភ្ញៀវចន្លោះពី6%ទៅ 12%។ បើអ្នកកំពុងតែគិតថាភាគរយទាំងនេះដូចជាតិច សូមគិតទៅមើលថាបើយកមកគុណជាមួយចំនួនការកក់រាប់ពាន់រាប់សិបម៉ឺននោះ តើវាស្មើប៉ុន្មាន?