ខេត្តកណ្តាល៖ គម្រោងលើកកម្រិតគុណភាព និងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ២១B ដែលមានប្រវែងប្រមាណ ៣​គីឡូម៉ែត្រ គិតរហូតមកទល់ចុងខែមករានេះ វឌ្ឍនភាពការងារសម្រេចបាន៩៥%។ នេះបើយោងតាម យោងតាមរបាយការណ៍អគ្គនាយកដ្ឋានសាធារណការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ផ្លូវនេះ បានផ្ដើមសាងសង់ពីថ្ងៃ ២០ ធ្នូ ២០២១។

ផ្លូវជាតិលេខ២១B គិតចាប់ពីផ្លូវបំបែក ផ្លូវជាតិលេខ២ដល់រង្វង់មូលស្ពានព្រែកសំរោង ឋិតក្នុងភូមិសាស្ត្រទឹកដីខេត្តកណ្តាល មានទទឹងផ្លូវ១១ម៉ែត្រ ជម្រាលទទឹងផ្លូវ៣% កម្រាស់ Stabilize ២០០មីលីម៉ែត្រ អ៊ុតបេតុងកៅស៊ូ(AC) កម្រាស់១៥សង់ទីម៉ែត្រ ដោយប្រើប្រាស់គ្រឿងចក្រStabilizer អនុវត្តគម្រោងដោយនាយកដ្ឋានគ្រឿងចក្រ និងស្ថាបនាផ្លូវ ត្រួតពិនិត្យបច្ចេកទេសដោយនាយកដ្ឋានបច្ចេកទេសសាធារណការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង ដោយមានការចូលរួមពីឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាល ខេត្តកណ្តាល បានចុះពិនិត្យការដ្ឋាននេះផងដែរ នាថ្ងៃ ២៦ មករា ២០២២ នេះ។

គួរកត់សម្គាល់ផងដែរថា៖ គ្រឿងចក្រ Stabilizer នេះជាជំនួយពីប្រទេសជប៉ុន អាចជួយឱ្យកាសាងសង់ផ្លូវកាន់តែមានភាពរឹងមាំ កាត់បន្ថយផលប៉ះពាល់ចរាចរណ៏ កាត់បន្ថយរយះពេលសាងសង់ និងប្រើប្រាស់បានយូរ ស្របតាមបរិបទនៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន ។ គ្រឿងចក្រប្រភេទនេះគឺប្រើប្រាស់គ្រឹះផ្លូវ និងផ្ទៃកម្រាលកៅស៊ូចាស់ដែលខូចឡើងវិញបាន ចំណេញថវិកា និងពេលវេលាក្នុងការជួសជុលសាងសង់ផងដែរ ៕