មិនទាន់មាន Krama Post APP? សូមចុចទាញយក

រាជធានីភ្នំពេញ៖ ខណៈពេលដែលមានការផ្សព្វផ្សាយពីគម្រោងនៃផែនការមេ ពង្រីកទំហំរាជធានីភ្នំពេញរហូតដល់រង្វង់១០០គីឡូម៉ែត្រជុំវិញ បានជំរុញឲ្យ​សកម្មភាព​នៃ​ការ​ទិញលក់ដីធ្លីនៅក្នុងតំបន់ជាយក្រុងដែលមានចម្ងាយប្រមាណ៤០គីឡូម៉ែត្រ កាន់តែមានភាពមមាញឹកជាមួយនឹងកំណើននៃតម្លៃគិតជាមធ្យម​ប្រមាណ១៥ ទៅ២០ភាគរយ។

ការលក់ដីធ្លីនៅតំបន់ជាយក្រុង ដែលធ្លាប់តែស្ងប់ស្ងាត់កាលពីដើមឆ្នាំ២០២១កន្លងទៅនេះ បច្ចុប្បន្នកំពុងតែមានសកម្មភាពឡើងវិញ ក្រោយមានការផ្សព្វផ្សាយ​ពីគម្រោងនៃការពង្រីកទំហំក្រុងភ្នំពេញក្នុងកាំរង្វង់​១០០គីឡូម៉ែត្រជុំវិញ ដើម្បីអាចទ្រទ្រង់នូវកំណើននៃលំហូរចំនួនប្រជាសាស្ត្រ ប្រមាណ៦លាននាក់នៅត្រឹមឆ្នាំ​២០៣៥។

ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ DEY THMEY Real Estate លោក វិន ឈុនហ៊ាត បានប្រាប់ Krama Post ឲ្យដឹងថាបន្ទាប់​ពីមានការផ្សព្វផ្សាយយ៉ាងទូលាយ អំពីផែនការនៃការពង្រីកក្រុងភ្នំពេញក្នុងកាំរង្វង់១០០គីឡូម៉ែត្រជុំវិញ ដោយក្រសួងរៀបចំដែនដីនគររូបនីយកម្មនិង​សំណង់ ​កាល​ពីពេលកន្លងទៅថ្មីៗនេះបានជំរុញឲ្យសកម្មភាពនៃការទិញលក់ដីធ្លី នៅតាមតំបន់ជាយក្រុងចាប់ផ្តើមកម្រើកឡើងវិញ ហើយដីធ្លីនៅតំបន់ខ្លះត្រូវម្ចាស់​ដោយ​ផ្ទាល់ក៏ដូចជាក្រុមហ៊ុនអភិវឌ្ឍន៍តម្លើងថ្លៃក្នុងចន្លោះពី១៥ទៅ២០ភាគរយក៏មានដែរ។

លោក វិនឈុនហ៊ាត បានបន្តថា “តាមការកត់សម្គាល់ ដីដែលឡើងថ្លៃនៅពេលនេះភាគច្រើនស្ថិតនៅតំបន់ជាយក្រុងក្នុងភូមិសាស្ត្រសំខាន់ៗមួយចំនួន​ ដូចជា​ស្ថិតនៅតំបន់ខ្លះនៃស្រុកកណ្តាលស្ទឹងតំបន់ជាប់ផ្លូវជាតិលេខ៤តំបន់ជាប់ផ្លូវជាតិលេខ៣ចម្ងាយប្រមាណ៣០គីឡូម៉ែត្រពីរង្វង់មូលចោមចៅ តំបន់​ជាប់​ផ្លូវជាតិលេខ៦ក្នុងស្រុកមុខកំពូលជាពិសេសតំបន់ដែលស្ថិតនៅប៉ែកខាងកើត​ស្ថិតនៅក្នុងឃុំអរិយក្សត្រ ស្រុកល្វាឯមដែលមានគម្រោងបង្កើត​ក្រុង​រណប​ថ្មីតែម្ដង”។

ប្រធានសមាគមអចលនទ្រព្យសកល GRA លោក សំ សុខនឿន បានមានប្រសាសន៍ថា យ៉ាងយូរនៅត្រឹម៣ឆ្នាំខាងមុខទៀតការទិញលក់ដីធ្លី​នៅតំបន់​ជាយ​ក្រុង ​អាចនឹងលែងមានគម្រោងពុះដីឡូតិ៍ដូចពេលបច្ចុប្បន្នទៀតហើយព្រោះភាគច្រើនក្រុមហ៊ុនហ៊ុនអភិវឌ្ឍន៍ បានទិញដីក្នុងទំហំធំទុករួចរាល់សម្រាប់អភិវឌ្ឍន៍​គម្រោង​សំណង់ខ្នាតធំនិងខ្នាតមធ្យម ដូចជាគម្រោងបុរី និងគម្រោងបណ្តុំលំនៅដ្ឋានជាដើម។

លោកបានបញ្ជាក់ថាប្រសិនបើផែនការនៃការពង្រីកក្រុងកាន់តែឆាប់ លេចចេញនូវសកម្មភាពនោះវានឹងកាន់តែជំរុញឲ្យតម្លៃដីធ្លីដែលស្ថិតនៅតាមតំបន់​ជាយ​ក្រុងកាន់តែមានភាពុះកញ្ជ្រោល ប៉ុន្តែសម្រាប់ពេលបច្ចុប្បន្ននេះកំណើននៃតម្លៃដីធ្លីទូទៅហាក់នៅមិនទាន់មានអ្វីដែលជាការគួរឲ្យកត់សម្គាល់នៅ​ឡើយនោះ​ទេ លើកលែងដល់ពេលស្ថានភាពនៃវិបត្តិកូវីដត្រូវបានថមថយជាងនេះបន្តិច៕