ខេត្តកំពត៖ គម្រោងវិនិយោគអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្ម និង កំពង់ផែពហុបំណងរបស់ក្រុមហ៊ុនកំពត ឡូជីស្ទីក អេន ផត ប្រើទុនប្រមាណ ១៥០០លានដុល្លារ បានចាប់ផ្ដើមធ្វើពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៥ ឧសភា កន្លងទៅ ដែលមានទីតាំងនៅភូមិចង្ហោន សង្កាត់ ព្រែក ត្នោត ក្រុងបូកគោ ខេត្តកំពត ក្រោមវត្តមានរបស់ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
គម្រោងនេះនឹងរួមមាន៖ ទីលានកុងតឺន័រ តំបន់សេដ្ឋកិច្ចពិសេស តំបន់ពាណិជ្ជកម្មសេរី មជ្ឍមណ្ឌល ភស្តុភារកម្ម ឃ្លាំងស្តុកទំនិញគ្រប់ប្រភេទ ឃ្លាំងភណ្ឌាគារគយ រោងចក្រផលិត និងចែកចាយ រោងចក្រចម្រាញ់ប្រេងឥន្ធនៈ និងមជ្ឈមណ្ឌលប្រេងឥន្ធនៈ តំបន់លំនៅឋាន និងចំណតនាវាដឹកអ្នកដំណើរទេស ចរណ៍ ព្រមទាំងចំណតនាវាប្រភេទជាសាឡង់ ដែលភ្ជាប់ការដឹកជញ្ជូនជាមួយកំពង់ផែស្វយ័តភ្នំពេញ ក្នុងករណីរាជរដ្ឋាភិបាលអភិវឌ្ឍគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់។
គម្រោងវិនិយោគនេះ មានផែនការអនុវត្តជា៣ដំណាក់កាល ដែលនៅក្នុងផែនការដំណាក់កាលទី១ គឺមានចំនួនប្រមាណ ២០០ លានដុល្លារអាមេរិក។
ចំពោះទីតាំងកំពង់ផែពហុបំណងមានជម្រៅទឹកប្រមាណ១៥ម៉ែត្រ និងអាចឱ្យនាវាចំណុះ១០០.០០០ តោន អាចចូលចតបាន និងមានសមត្ថភាពខ្ពស់ក្នុងការលើកដាក់ទំនិញចេញ-ចូល បានចំនួនប្រមាណ ៣០០.០០០ TEU នៅក្នុងឆ្នាំ២០២៥ និងប្រមាណ ៦០០.០០០ TEU នៅក្នុងឆ្នាំ២០៣០។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងថា៖ គម្រោងនេះ នឹងក្លាយជាកំពង់ផែទឹកជ្រៅ និងធំមួយទៀតនៅកម្ពុជា និងដ៏ទំនើបលំដាប់អន្តរជាតិនៅក្នុងតំបន់អាស៊ាន។ គម្រោងនេះនឹងជួយបំពេញបន្ថែមទៅលើកំពង់ផែដែលមានស្រាប់ដូចជា៖ កំពង់ ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ និងជួយជំរុញអនុវត្តឱ្យបានជោគជ័យនូវផែនការមេដើម្បីអភិវឌ្ឍខេត្ដព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែលបានដាក់ចុះក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនបន្ថែមថា៖ ក្រសួងមានផែនការបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ៣១ ផ្លូវជាតិលេខ៣៣ ផ្លូវជាតិលេខ៤១ នៅក្នុងពេលដ៏ខ្លីខាងមុខ ដែលនឹងមានអំណោយផលល្អ ក្នុងការតភ្ជាប់មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងកំពត ជាមួយតំបន់ផ្សេងៗនៅទូទាំង ប្រទេស និងជាមួយប្រទេសជិតខាង៕