រាជធានីភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន iL BRiLLE មានគោលបំណងវិនិយោគលើផលិតកម្មសូត្រខ្មែរនៅតាមបណ្ដាខេត្ត តាមរយ:ការបង្កើតក្រុមការងារ Cambodian Golden Silk - CGS ដើម្បីផលិតសូត្រសម្រាប់បម្រើឲ្យវិស័យវាយនភ័ណ្ឌ និងកែច្នៃផលិតផលសូត្រនេះ ទៅជាសារធាតុប្រូតេអីនសម្រាប់យកទៅបម្រើឲ្យវិស័យគ្រឿងសំអាង ដែលកំពុងពេញនិយមសម្រាប់ស្រ្តីជនជាតិជប៉ុន និងទីផ្សារក្នុងតំបន់ នាពេលបច្ចុប្បន្ន។
ការលើកឡើងរបស់លោកនាយកក្រុមហ៊ុនជប៉ុន iL BRiLLE គឺក្នុងឱកាសដែលបានជួបជាមួយ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកម្មសិកម្ម នាព្រឹកទី ២៦ មករា ២០២២ ដោយមានវត្ថមានរបស់ឯកឧត្តម Takahashi ដែលអតីតអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជាផងដែរ។
កម្ពុជាមានសក្តានុពលលើវិស័យផលិតកម្មសូត្រ ហើយដែលជនជាតិខ្មែរ បានប្រតិបត្តិជាប្រពៃណីអំពីការផលិតហូល-ផាមួងពីសូត្រ ជាច្រើនសតវត្សមកហើយដូចជា នៅខេត្តតាកែវ បន្ទាយមានជ័យ សៀមរាប និងកំពង់ធំ ប៉ុន្តែនៅប៉ុន្មានឆ្នាំចុងក្រោយនេះផលិតកម្ម សូត្រខ្មែរត្រូវបានធ្លាក់ចុះ។
លោកនាយកក្រុមហ៊ុន បានបញ្ជាក់ថា៖ គម្រោងបង្កើត CGS នឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន៖ ទី១- ដល់ស្រ្តីតម្បាញនៅតាមជនបទដែលជាប្រភពផលិតហូល-ផាមួងមានការងារធ្វើ ទី២- ជួយលើកកម្ពស់តម្លៃបន្ថែមតាមរយ:ការកែច្នៃផលិតសូត្រទៅជាសារធាតុប្រូតេអីនបម្រើឲ្យវិស័យគ្រឿងសំអាង ទី៣- បង្កើតមជ្ឈមណ្ឌបង្កាត់ ភ្ញាស់ដង្កូវនាងពូជល្អៗ ផ្តល់ទិនកនផលខ្ពស់ រួចផ្សព្វផ្សាយជូនអ្នកចិញ្ចឹង និងទី៤- ស្នើសុំអង្គការ UNESCO ចុះបញ្ជីសូត្រជាមរតកវប្បធម៌ខ្មែរ។
ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញឆន្ទគាំទ្រយ៉ាងពេញទំហឹង ចំពោះគម្រោងវិនិយោគនេះ ដោយរំពឹងថានឹងជួយកសាងកំលាំងផលិតសូត្រខ្មែរឡើងវិញ ដើម្បីបម្រើទីផ្សារសូត្រក្នុងស្រុក កាត់បន្ថយការនាំចូល ធ្វើឲ្យសិប្បកម្មតម្បាញហូល-ផាមួង ដំណើរការប្រកបដោយនិរន្តរភាព ពលរដ្ឋនៅមូលដ្ឋានមានការងារធ្វើ កាត់បន្ថយការធ្វើចំណាកស្រុក ប្រើប្រាស់ឲ្យអស់លទ្ធភាពវត្ថុធាតុដើមផលិតចេញពីសូត្រខ្មែរ ដើម្បីបង្កើនតម្លៃបន្ថែម និងលើកកម្ពស់ប្រពៃណីវប្បធម៌ត្បាញហូល-ផាមួងដែលជាមរតករបស់បុព្វបុរសខ្មែរ និងជាពិសេសណែនាំឲ្យបរទេសបានស្គាល់ពីតម្លៃសូត្រខ្មែរតាមរយ:ផលិតផលនានាដែលផលិតចេញពីសូត្រ៕