រាជធានីភ្នំពេញ៖ ក្រុមហ៊ុន តែលកូថេក ដែលជារបស់អ្នកឧកញ៉ា គិត ម៉េង បានប្រារព្ធពិធីចុះបញ្ជីលក់សញ្ញាបណ្ណ (Bond) ជាផ្លូវការនៅ ផ្សារមូលបត្រកម្ពុជា (ផមក) ដោយមានការចូលរួមជាអធិបតីពី ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក) ផងដែរ។
សញ្ញាបណ្ណសាជីវកម្មរបស់ ក្រុមហ៊ុន តែល-កូថេក មានឈ្មោះថា “សញ្ញាបណ្ណសាជីវកម្ម តែលកូថេក” ជាសញ្ញាបណ្ណមានបុគ្គលធានា ដែលមានទំហំបោះផ្សាយសរុបចំនួន ៨០ ប៊ីលានរៀល (ប្រមាណ ២០លានដុល្លាអាមេរិក)។ ក្រុមហ៊ុន telcotech មាននិមិត្តសញ្ញាក្នុងការជួយដូរ TCT26A ដាក់តម្លៃចារឹក ១០០, 000រៀល និងមានអត្រាគូប៉ុង ៤.៥% ក្នុងមួយឆ្នាំ។
អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្ម និងជាអភិបាលនៃក្រុមហ៊ុន តែលកូថេក (telcotech) បានលើកឡើងថា ក្រុមហ៊ុន EZECOM និងក្រុមហ៊ុន telcotech គឺជាក្រុមហ៊ុនខ្មែរ ១០០% ដែលបានប្ដេជ្ញាចិត្តនាំមកនូវបណ្ដាញទំនាក់ទំនងកម្រិតខ្ពស់បំផុត ដល់ប្រជាជនកម្ពុជា។
អ្នកឧកញ៉ា បានបញ្ជាក់៖ ការបោះផ្សាយសញ្ញាបណ្ណនេះ នឹងអនុញ្ញាតឲ្យយើងបន្តនាំផ្លូវ ក្នុងការរៀបចំអនាគតឌីជីថលនៅកម្ពុជា តាមរយៈការវិនិយោគលើបច្ចេកវិទ្យាចុងក្រោយ និងយុទ្ធសាស្រ្ដឌីជីថល។
សូមជម្រាបជូនដែរថា ក្រុមហ៊ុន រូយ៉ាល់គ្រុប គឺជាក្រុមហ៊ុនដំបូងគេដែលបានគាំទ្រ អនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក្នុងការកសាងនិងអភិវឌ្ឍន៍ទីផ្សារបំណុលនៅកម្ពុជា៕