រាជធានីភ្នំពេញ៖ ក្រុមហ៊ុន ឌី ប៊ី ឌី អ៊ិនជីនារីង ម.ក និងផ្សារមូលបត្រកម្ពុជា (ផមក) បានប្រារព្ធពិធីចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិរបស់ ក្រុមហ៊ុន ឌី ប៊ី ឌី អ៊ិនជីនារីង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃ ផមក។
ឯកឧត្តម ហ៊ាន សាហ៊ីប បានគូសបញ្ជាក់ថា ថ្ងៃនេះគឺជាការបោះជំហានមួយថ្មីទៀត របស់ផ្សារមូលបត្រកម្ពុជា ក្នុងការជួយជ្រោមជ្រែងនិងគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម តាមរយៈការផ្ដល់ឲ្យសហគ្រាសទាំងឡាយ នូវច្រកហិរញ្ញប្បទានថ្មីមួយ ដែលជាប្រភពទុនមិនចេះរីងស្ងួតជាមួយនឹងចំណាយថ្លៃដើមទាប ស្របតាមផែនការស្ដារសេដ្ឋកិច្ចឡើងវិញពីវិបត្តិកូវីដ១៩។
ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនិយ័តករមូលបត្រកម្ពុជា បានលើកឡើងថា នេះគឺជាកម្មវិធីដែលបង្ហាញពីការវិឌ្ឍន៍ថ្មីមួយទៀតនៃផ្សារមូលបត្រកម្ពុជា ដែលមានក្រុមហ៊ុនចុះបញ្ជីមូលបត្រទី១ នៅក្នុងផ្សារកំណើន ដែលបានបង្ហាញថា ផ្សាររបស់យើងដើរទៅមុខជាជំហា៊នៗ។
ក្រុមហ៊ុន ឌី ប៊ី ឌី អ៊ិនជីនារីង ម.ក ជាក្រុមហ៊ុនដំបូងគេទី១ ដែលចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ នៅទីផ្សារកំណើននៃ ផមក ដែលមាននិមិត្តសញ្ញា “DBDE” ភាគហ៊ុនចុះបញ្ជីសរុបចំនួន ៦.៤៦១.៥៣៨ ភាគហ៊ុន ជាមួយនឹងថ្លៃបោះផ្សាយលក់មូលបត្រ លើកដំបូងក្នុងមួយឯកតាស្មើនឹង ២.៣៨០ រៀល និងមានមូលធនូបនីយកម្មទីផ្សារសរុបប្រមាណ ៤៤ ប៊ីលានរៀល (ប្រមាណ ១១ លានដុល្លាអាមេរិក)។
លោក នាង វិធី នាយកគ្រប់គ្រងក្រុមហ៊ុន ឌី ប៊ី ឌី អ៉ិនជីនារីង ម.ក ក៏បានលើកឡើងផងដែរថា គោលបំណងក្នុងការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិនៅលើទីផ្សារកំណើននេះ មិនត្រឹមតែអនុញ្ញាតឲ្យ ក្រុមហ៊ុន ទទួលបាននូវប្រភពទុន ដើម្បីងពង្រីក ប្រតិបត្តិការអាជីវកម្ម ក្នុងការឆ្លើយតបនឹងទំនុកចិត្តដែលក្រុមហ៊ុន ទទួលបានកន្លងមកប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងដើម្បីបំពេញតម្រូវការ រួមទាំងខិតខំប្រឹងប្រែង ជម្រុញសក្ដានុពលកំណើននៃឧស្សាហកម្មសំណង់ ដែលបានរួមចំណែកយ៉ាងសំខាន់ ដល់កំណើនសេដ្ឋកិច្ចរបស់ ប្រទេសកម្ពុជា។