អន្តរជាតិ៖ ក្រុមហ៊ុន Vingroup ដែលជាក្រុមហ៊ុនធំបំផុតរបស់វៀតណាម បានទទួលការឯកភាពឲ្យសាងសង់រោងចក្រផលិតវ៉ាក់សាំងនៅទីក្រុងហាណូយ។

រោងចក្រនេះ ត្រូវបានអនុញ្ញាតឲ្យសាងសង់នៅក្នុងសួនឧស្សាហកម្ម បច្ចេកវិទ្យា Hoa Lac ដោយក្រុមហ៊ុនស្រាវជ្រាវនិងផលិត VinSmart Jsc ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Vingroup នឹងស្ថិតក្នុងចំណោមគម្រោងអាទិភាព ដែលនឹងត្រូវអនុញ្ញាតឱ្យដំណើរការ ទោះបីជាមានការរឹតត្បិតដោយសារ Covid-19 ក៏ដោយ។

ប៉ុន្តែអ្នកគ្រប់គ្រងគម្រោង ត្រូវដាក់គម្លាតសង្គមឱ្យបានតឹងរ៉ឹង និងការពារប្រជាជនមិនឱ្យចូលនិងចេញពីតំបន់សំណង់ដើម្បីចៀសវាងការរីករាលដាលនៃជំងឺកូវីដ ១៩ ។

ក្រុមហ៊ុន Vingroup ត្រូវបានគេរាយការណ៍ថា កំពុងចរចាផ្ទេរបច្ចេកវិទ្យាជាមួយក្រុមហ៊ុនអាមេរិក Arcturus Therapeutic ដែលបានបង្កើតវ៉ាក់សាំងដោយប្រើបច្ចេកវិទ្យា mRNA ដូចគ្នាដែលត្រូវបានប្រើនៅក្នុងវ៉ាក់សាំង Pfizer និង Moderna ។

តួរលេខចុងក្រោយនេះ ប្រទេសវៀតណាម ទើបចាក់វ៉ាក់សាំងដល់ប្រជាជនបានចំនួន ៥.៥ លាននាក់ (បានចាក់ដូសទី១) ខណៈដែល ៥៤៦.៤០០ នាក់ បានចាក់លើកទី២៕ ប្រភព VNExpress

សួនឧស្សាហកម្ម Hoa Lac Hi-tech