ប្រទេសវៀតណាម៖ ក្រុមហ៊ុនដ៏ធំរបស់កូរ៉េខាងត្បូង ឈ្មោះថា Lotte Group បាននិយាយផ្ដើមការដ្ឋានសាងសង់អគារទីក្រុងឆ្លាតវៃ និងមជ្ឈមណ្ឌលភ័ស្តុភារឆ្លាតវៃក្នុងប្រទេសវៀតណាម ដែលជាផ្នែកនៃផែនការពង្រីកខ្លួន ដើម្បីពង្រឹងជំហររឹងមាំនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ ក្នុងតម្លៃ 900លានដុល្លារ។

ក្រោមគម្រោង Thu Tiem Eco Smart City ដែលមានតម្លៃ 900 លានដុល្លារ ក្រុមហ៊ុនគ្រោងនឹងសាងសង់អគារកម្ពស់ 60 ជាន់ ដោយមាន 5 ជាន់ទៀតនៅក្រោមដី ដែលរួមមានផ្សារទំនើប រោងកុន ការិយាល័យ សណ្ឋាគារ លំនៅដ្ឋាន និងអាផាតមិននៅក្នុងទីក្រុងហូជីមិញ។

ក្រុមហ៊ុននេះបាននិយាយថា សម្រាប់តំបន់លំនៅដ្ឋាន, កន្លែងផ្ទុកទិន្នន័យធំ និងប្រព័ន្ធផ្អែកលើបញ្ញាសិប្បនិមិត្តនឹងផ្តល់នូវដំណោះស្រាយផ្ទះឆ្លាតវៃដែលងាយស្រួល និងមានសុវត្ថិភាព ក៏ដូចជាសេវាថែទាំសុខភាពបែបឌីជីថល រួមទាំងការពិនិត្យសុខភាពពីចម្ងាយផងដែរ។

សម្រាប់ការគ្រប់គ្រងថាមពលប្រកបដោយនិរន្តរភាព និងប្រសិទ្ធភាពនៅក្នុងអគារ ក្រុមហ៊ុននឹងប្រើប្រាស់ប្រព័ន្ធម៉ាស៊ីនត្រជាក់ "ស្តុកទឹកកក" ដែលបង្កកទឹកកកនៅពេលយប់ ហើយបំប្លែងវាទៅជាខ្យល់ត្រជាក់នៅពេលថ្ងៃ។

យោងតាមគម្រោងរបស់ ក្រុមហ៊ុន Lotte ផ្សារទំនើប និងរោងកុននឹងផ្តល់ជូននូវជម្រើសទូទាត់ដ៏ឆ្លាតវៃ និងការចែកចាយមនុស្សយន្ត និងយន្តហោះគ្មានមនុស្សបើក ដោយសណ្ឋាគារនេះផ្តល់សេវាកម្មផ្គត់ផ្គង់អាហារឆ្លាតវៃ និងមនុស្សយន្ត។ 

រួមជាមួយនឹងគម្រោងសាងសង់ដ៏ធំនេះ ក្រុមហ៊ុន Lotte Global Logistics គ្រោងនឹងសាងសង់មជ្ឈមណ្ឌលដឹកជញ្ជូនឆ្លាតវៃនៅខេត្ត Dong Nai ភាគខាងត្បូងនៅឆ្នាំ 2024 ដើម្បីជំរុញការនាំចូល និងការនាំចេញដែលផ្តោតលើប្រទេសវៀតណាម។ មជ្ឈមណ្ឌលនេះនឹងប្រើប្រាស់ប្រព័ន្ធខ្សែសង្វាក់ត្រជាក់ ដើម្បីបំពេញតម្រូវការដែលកំពុងលូតលាស់យ៉ាងឆាប់រហ័សសម្រាប់អាហារស្រស់ និងកក៕