រាជធានីភ្នំពេញ៖  ក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រជុំពិភាក្សា លើលទ្ធផលសិក្សាបឋម លើការរៀបចំប្រព័ន្ធដឹកជញ្ជូនសាធារណៈ ផ្លូវរថភ្លើងក្រោមដី (Subway) ឬ ផ្លូវរថភ្លើងលើអាកាស (Monorail) ជាជម្រើស នៅក្នុងរាជធានីភ្នំពេញ ដែលធ្វើបទបង្ហាញដោយ ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC) តំណាងក្រុមហ៊ុនគមនាគមន៍ និងសំណង់ចិន (CCCC) និងមានការចូលរួមពីមន្ត្រីបច្ចេកទេសពាក់ព័ន្ធ។

ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានលើកឡើងថា៖ គម្រោងសិក្សានេះ នឹងដាក់ជូនប្រមុខរាជរដ្ឋាភិបាលធ្វើការពិនិត្យសម្រេចជ្រើសរើស យកប្រព័ន្ធដឹកជញ្ជូនសាធារណៈណាមួយដែលសមស្រប និងអាចទទួលយកបាន សម្រាប់រាជធានីភ្នំពេញ ដើម្បីដោះស្រាយបញ្ហានៃការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍ ដែលកំពុងកើតមាននាពេល បច្ចុប្បន្ននេះ។

ក្រុមហ៊ុន បានសិក្សាទៅលើលទ្ធភាពសាងសង់បណ្តាញផ្លូវរថភ្លើង ដែលបានគ្រោងតភ្ជាប់ស្ទើរគ្រប់ទីតាំង ជាពិសេសលើតំបន់ដែលមានដង់សុីតេប្រជាជន ខ្ពស់ នៃរាជធានីភ្នំពេញ ដោយផ្អែកលើមូលដ្ឋាន នៃការប្រៀបធៀបតម្លៃឯកតាចំណាយលើការសាងសង់ផ្លូវរថភ្លើងក្រោមដី (Subway) ឬផ្លូវរថភ្លើងលើអាកាស(Monorail) រយៈពេលនៃការសាងសង់ តម្លៃប្រតិបត្តិការ និងចំណាយលើការថែទាំ ជាដើម… ។ល។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានជំរុញឱ្យក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិនធ្វើការសិក្សាឱ្យបាន ស៊ីជម្រៅបន្ថែមទៀតលើចំណុចដែលនៅខ្វះចន្លោះមួយចំនួនទៀត គឺធ្វើយ៉ាងណាឱ្យគម្រោងនៃការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនសាធារណៈរបស់កម្ពុជាមានលក្ខណៈគ្រប់ជ្រុងជ្រោយ ដើម្បីចូលរួមចំណែក ក្នុងការអភិវឌ្ឍវិស័យនេះឱ្យកាន់តែមានការរីកចម្រើន និងដោះស្រាយបញ្ហាកកស្ទះចរាចរណ៍៕