ខេត្តកំពត ៖ បន្ថែមពីលើសក្ដានុពលដែលមានស្រាប់នៃវិស័យទេសចរណ៍ធម្មជាតិ រួជាមួយនឹងក្រុងបូកគោថ្មីដែលទើបតែត្រូវបានរាជរដ្ឋាភិបាលសម្រេចបង្កើតជាផ្លូវការថ្មីៗនេះ នៅមានកំពង់ផែសំខាន់ៗចំនួន៤ទៀត នៅក្នុងខេត្តកំពត ដែលនឹងជួយជម្រុញបង្កើនការវិនិយោគលើវិស័យអចលនទ្រព្យ នៅក្នុងខេត្តមួយនេះឱ្យកាន់តែខ្លាំងក្រោយពេលស្ងប់ការរាលដាលនៃជំងឺកូវីដ១៩។ 

នាយិការក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ AMATAK Property Service លោកស្រីតាំង ហួរ បានមានប្រសាសន៍ថា កំពត គឺជាខេត្តមានការទទួលស្គាល់ជាគោលដៅទេសចរណ៍កម្រិតខ្ពស់ ហើយក៏ជាគោលដៅសម្រាប់ការវិនិយោគវិស័យអចលនទ្រព្យ ជាពិសេសផ្នែកដីធ្លីសម្រាប់បម្រើដល់វិស័យទេសចរណ៍ដ៏មានសក្ដានុពលផងដែរ។ 

លោកស្រីបានបញ្ជាក់ថា ពីមួយឆ្នាំទៅមួយឆ្នាំ ជាធម្មតាតម្រូវការនៃការប្រើប្រាស់ដីនៅក្នុងខេត្តកំពត តែងកើនឡើងជាបន្តបន្ទាប់ ដែលធ្វើឱ្យតម្លៃដីកើនឡើងរហូត។ តម្រូវការនៃការប្រើប្រាស់ដីនេះ ភាគច្រើនគឺការអភិវឌ្ឍន៍កែច្នៃបន្ថែមទៅជាតំបន់កម្សាន្ត ក៏ដូចជាប្រភេទលំនៅដ្ឋានលំហែរកាយជាដើម ជាពិសេសគម្រោងទីក្រុងថ្មីនៃតំបន់បូកគោដែលទើបតែត្រូវបានរាជរដ្ឋាភិបាលសម្រេចបង្កើតជាផ្លូវការ។ 

ដោយឡែកសម្រាប់វត្តមានរបស់កំពង់ផែសំខាន់ៗ ជាពិសេសកំពង់ផែទេសចរណ៍ដែលកំពុងដំណើរការសាងសង់គ្រោងនឹងបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះ ក៏ជាចំណែកមួយយ៉ាងសំខាន់នៅក្នុងការជួយទាក់ទាញការវិនិយោគក្នុងវិស័យនានា ក៏ដូចជាវិស័យអចលនទ្រព្យផងដែរ។ 

លោកស្រីបានបញ្ជាក់ថា “ទោះបីជាកំពង់ផែ ត្រូវបានផ្តោតសំខាន់ទៅលើវិស័យដឹកជញ្ជូន ប៉ុន្តែវាក៏បានជះឥទ្ធិពលដល់វិស័យអចលនទ្រព្យផងដែរ ដែលក្នុងនោះរួមមានដូចជាការប្រើប្រាស់ដីធ្វើជាទីតាំងស្តុកទំនិញ ឬឃ្លាំង ការប្រើប្រាស់សម្រាប់អភិវឌ្ឍន៍ជាលំនៅដ្ឋានលំនៅដ្ឋានរយៈពេលខ្លី ឬផ្ទះសំណាក់សណ្ឋាគារជាដើម ហើយក៏បានចូលរួមក្នុងការជ្រោនជ្រែងសេដ្ឋកិច្ចនៅក្នុងតំបន់ផងដែរ”។ 

លោកបណ្ឌិត តេង រិទ្ធី បានមានប្រសាសន៍ថា បច្ចុប្បន្ននេះមានអ្នកវិនិយោគជាច្រើន បានទម្លាក់ទុនធ្វើការអភិវឌ្ឍតំបន់មួយចំនួនឱ្យក្លាយទៅជាតំបន់កម្សាន្តបែបកែច្នៃ និងធម្មជាតិ ជាពិសេសតំបន់ដែលស្ថិតនៅជាប់មាត់ព្រែក ជាប់សមុទ្រ និងតំបន់ក្បែរជើងភ្នំ។ 

លោកបណ្ឌិតបន្តថា ជាមួយនឹងសកម្មភាពដែលកំពុងអភិវឌ្ឍន៍ ក៏មានគម្រោងថ្មីបន្តបន្ទាប់ទៀត ដែលមិនយូរមិនឆាប់ខេត្តកំពត នឹងក្លាយទៅជាទីតាំងគោលដៅទេសចរណ៍ដ៏មានប្រជាប្រិយភាពជាក់មិនខាន។ ដូច្នេះបានន័យថា ខេត្តកំពតមានសក្ដានុពលខ្លាំងទៅលើការអភិវឌ្ឍវិស័យទេសចរណ៍ ហើយក៏ស័ក្តិសមទៅនឹងការអភិវឌ្ឍវិស័យលំនៅដ្ឋានបែបលំហែរកាយផងដែរ។

ជាមួយនឹងការបង្ហាញពីសក្ដានុពល ក្នុងការវិនិយោគខាងលើនេះ លោកបណ្ឌិត តេង រិទ្ធី បានបញ្ជាក់ថាសម្រាប់ការអភិវឌ្ឍលើវិស័យលំនៅដ្ឋានបែបលំហែរកាយ គឺត្រូវបានធ្វើឡើងជាច្រើនគម្រោង និងច្រើនកម្រិត ហើយតម្លៃក៏អាស្រ័យទៅតាមគម្រោងផងដែរ ដែលក្នុងនោះមានតម្លៃចាប់ពីជាង៣-៤ម៉ឺនដុល្លារឡើងទៅ។ 

គួរបញ្ជាក់ផងដែរថា កំពង់ផែចំនួន៤ ដែលនឹងចូលរួមយ៉ាងសំខាន់ក្នុងការជម្រុញកំណើនសេដ្ឋកិច្ច និងបង្កើនការវិនិយោគក្នុងវិស័យអចលនទ្រព្យ រួមមាន  ទី១.កំពង់ផែ វិញ ហួរ ដែលមានជម្រៅទឹករហូតដល់ ១៤ម៉ែត្រ អាចសម្រាប់ដឹកជញ្ជូនទំនិញតាមកប៉ាល់ធំៗ។ ទី២.កំពង់ផែរបស់ឧកញ៉ា ទ្រី ភាព សម្រាប់ដឹកជញ្ជូនប្រេងចូល។ ទី៣.កំពង់ផែរបស់ជំទាវ កែវ ម៉ាលី សម្រាប់ដឹកជញ្ជូននាំចេញស្រូវ និងផលិតផលផ្សេងៗ ចេញចូលប្រទេសថៃ។ និងទី៤.គម្រោងកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ដែលបើកសម្រាប់ភ្ញៀវទេសចរបរទេសដែលធ្វើដំណើរតាមកប៉ាល់ ពិសេសទេសចរមកពីប្រទេសវៀតណាម និងថៃអាចចូលចតបាន

Kampot Port កំពង់ផែចំនួន៤ ក្នុងខេត្តកំពតនឹងជម្រុញដល់ការវិនិយោគអចលនទ្រព្យ