នៅក្នុងសង្គមដែលពោរពេញដោយសម្ភារៈនិយម និងសេដ្ឋកិច្ចចម្រុះនាពេលបច្ចុប្បន្ននេះ មានមនុស្សជាច្រើនបានផ្តល់តម្លៃដល់ការរកស៊ី ចង់ក្លាយជាសហគ្រិនវ័យក្មេង ហើយបន្ទាបតម្លៃអ្នកធ្វើការ ខណៈមនុស្សមួយចំនួនផ្សេងទៀតក៏មើលឃើញតម្លៃអ្នកធ្វើការ ហើយមិនឱ្យតម្លៃអ្នករកស៊ីដូចគ្នាដែរ។ តាមពិតទៅ ទាំងអ្នករកស៊ីនិងអ្នកធ្វើការសុទ្ធតែសំខាន់ដូចគ្នា ក្នុងការអភិវឌ្ឍសង្គមគ្រាន់តែពួកគេមានតួនាទីខុសគ្នាប៉ុណ្ណោះ។
លោក គីម ដារ៉ា ស្ថាបនិកស្ថាប័នអប់រំ Start Up Cambodia បានលើកឡើងថា មើលបណ្តាញសង្គមរាល់ថ្ងៃឃើញទំនោរយុវជនជាច្រើន ឱ្យតម្លៃខ្លាំងលើអ្នករកស៊ី ហើយមិនសូវឱ្យតម្លៃលើអ្នកធ្វើការឡើយ។ ការយល់ឃើញបែបនេះ គឺខុសជាមួយនឹងការពិតជាក់ស្តែងក្នុងការរស់នៅ។ គេថាអ្នករកស៊ីមិនល្អមើល តែល្អស៊ី មានលុយច្រើនមិនដូចអ្នកធ្វើការស្លៀកពាក់ស្អាតបាត តែអត់លុយខណៈដែលស្ថានភាពពិតមិនប្រាកដជាបែបនេះនោះទេ។
លោកមើលឃើញថា ដោយសារតែលេសអ្នករកស៊ីឡូយនេះហើយ ទើបយុវជនមួយចំនួនខ្ជិលខំរៀនដោយអាងលេសថា មិនចង់ធ្វើការងារឱ្យគេ។ លោកបានបញ្ជាក់ផងដែរថា លោកបានជួបអ្នករកស៊ីច្រើនណាស់ តែក្នុងចំណោមនោះ មានអ្នកជោគជ័យមិនច្រើនទេ តែសម្បូរទៅដោយអ្នកជាប់បំណុលគេយ៉ាងច្រើន។ ទន្ទឹមនឹងនេះលោកបានបកស្រាយត្រឡប់មកវិញថា លោកក៏ស្គាល់អ្នកធ្វើការងារច្រើនដែរ អ្នកធ្វើការដែលជោគជ័យគឺជាបុគ្គលដែលពូកែក្នុងការងារ ឋានៈខ្ពស់ ប្រាក់ខែច្រើន ពិសេសគឺពួកគាត់ចេះប្រើប្រាស់លុយកាក់ក្នុងការវិនិយោគធ្វើឱ្យជីវភាពរបស់គាតបានប្រសើរ។
លោក គីម ដារ៉ា បាននិយាយថា៖ «និយាយទៅ រកស៊ីក៏ដោយធ្វើការក៏ដោយ បើច្បាស់ ប្រាកដជាជោគជ័យ»។
លោកបានបន្ថែមទៀតថា យើងគ្រប់គ្នាត្រូវដឹងពីខ្លួនឯងថា ជាមនុស្សប្រភេទណាកុំធ្វើតាមគេ ធ្វើតាមឯងដើម្បីទទួលបានជោគជ័យងាយៗ។ បើរកស៊ីត្រូវប្រឹងឱ្យបានខ្លាំងបំផុត មិនមែនធ្វើដើម្បីបានឈ្មោះជាអគ្គនាយក ឱ្យតែពិរោះនោះទេ។ ផ្ទុយមកវិញ ប្រសិនបើធ្វើការងារវិញក៏ដូចគ្នា ត្រូវធ្វើឱ្យខ្លាំងរហូតបានតំណែងធំប្រាក់ខែខ្ពស់ទើបប្រសើរ។ បន្ថែមពីលើនេះ ត្រូវចេះសន្សំហើយវិនិយោគរហូតមានស្ថេរភាពហិរញ្ញវត្ថុ។
គួរបញ្ជាក់ផងដែរថា នៅក្នុងសង្គមជាច្រើនជាពិសេសប្រទេសជប៉ុន អ្នកធ្វើការនិងអ្នករកស៊ី សុទ្ធតែត្រូវបានគេផ្តល់តម្លៃដូចគ្នា ព្រោះអ្នករកស៊ីគាត់អាចជាផ្នែកមួយក្នុងការបង្កើតផលិតផល ឬសេវាកម្មថ្មីៗសម្រាប់អភិវឌ្ឍ ខណៈអ្នកធ្វើត្រូវប្រើប្រាស់ជំនាញរបស់ខ្លួន ដើម្បីអភិវឌ្ឍគំនិតបង្កើតថ្មីនោះឱ្យមានថាមពល។ ក្រុមហ៊ុនមួយបើមានតែថៅកែ ក៏មិនកើតដែរចាំបាច់ត្រូវតែមានបុគ្គលិកខ្លាំងៗទើបអាចដើរបាន។ ហេតុនេះកុំបដិសេធផ្នែកណាមួយឱ្យសោះតែត្រូវផ្តល់តម្លៃទៅតាមភាពសំខាន់រៀងៗខ្លួន៕