ទីក្រុងបាលី, ប្រទេសឥណ្ឌូនេស៊ី៖ កាលពីល្ងាចថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Aung Naing Oo រដ្ឋមន្ត្រីក្រសួងវិនិយោគ និងទំនាក់ទំនងសេដ្ឋកិច្ចបរទេស និងសហការី នៅសណ្ឋាគារ AYANA Resort & Spa នៃទីក្រុងបាលី ប្រទេសឥណ្ឌូនេស៊ី បន្ទាប់ពីកិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានបានបញ្ចប់ដោយជោគជ័យ និងផ្លែផ្កា។
ឯកឧត្តមរដ្ឋមន្រ្តីលើកឡើងថា ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់លើវឌ្ឍនភាពសេដ្ឋកិច្ច-ពាណិជ្ជកម្មទាំងក្នុងក្របខណ្ឌតំបន់ និងទ្វេភាគី សំដៅលើកម្ពស់ទំហំពាណិជ្ជកម្ម និងជំរុញការស្តារសេដ្ឋកិច្ចឡើងវិញ។
ជាមួយគ្នានេះ ឯកឧត្តម Aung Naing Oo បានថ្លែងកោតសរសើរកម្ពុជាពីភាពជោគជ័យក្នុងការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងកម្ពុជា-ចិន និងកម្ពុជា-កូរ៉េ នាពេលថ្មីៗនេះ។
ទន្ទឹមនឹងនេះ ឯកឧត្តម Aung Naing Oo បានជម្រាបពីវឌ្ឍនភាពពាក់ព័ន្ធនឹងសេចក្តីព្រាងកិច្ចព្រមព្រៀងស្តីពីវិនិយោគរវាងកម្ពុជា-មីយ៉ាន់ម៉ា និងការចរចារកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា (The Double Taxation Avoidance Agreement) រវាងប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា ដោយមានបំណងពន្លឿនការបញ្ចប់ការពិភាក្សាលើកិច្ចព្រមព្រៀងទាំងពីរនេះ ដើម្បីអាចឈានដល់ការចុះហត្ថលេខានាពេលខាងមុខ។
ឯកឧត្តមរដ្ឋមន្រ្តីទាំងពីរ បានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងវិនិយោគ ទាំងក្នុងក្របខណ្ឌទ្វេភាគី ក៏ដូចជាក្របខណ្ឌតំបន់អាស៊ាន៕