ភ្នំពេញ៖ បន្ថែមពីលើវិស័យឯកជន ដែលកំពុងបន្តសកម្មភាពអភិវឌ្ឍនៅក្នុងវិស័យសំណង់កិច្ចដំណើរការសាងសង់បណ្តាញហេដ្ឋារចនាសម្ព័ន្ធនានានៅទូទាំងប្រទេស នៅតាមបណ្តាខេត្តមានសក្ដានុពល គឺជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការជួយទ្រទ្រង់ទីផ្សារអចនទ្រព្យបានយ៉ាងប្រសើរ។
ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន KFA Group លោកឧកញ៉ា នួន រិទ្ធី ដែលជាអ្នកវិនិយោគនិងអភិវឌ្ឍន៍នៅក្នុងវិស័យលំនៅដ្ឋានបែបទំនើបកម្រិតមធ្យម បានមានប្រសាសន៍ប្រាប់ Krama Post ឲ្យដឹងថាគិតមកដល់ពេលបច្ចុប្បន្ននេះវិបត្តិកូវីដ បានរំខាននិងបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកជាង១ឆ្នាំមកហើយ ដែលក្នុងនោះកម្ពុជាក៏ទទួលរងឥទ្ធិពលដូចគ្នា ទាស់ត្រង់ថាវិស័យខ្លះរងផលប៉ះពាល់ខ្លាំងហើយវិស័យខ្លអរងផលប៉ះពាល់តិចប៉ុណ្ណោះ។
លោកឧកញ៉ាបានមានប្រសាសន៍ថា ស្ថិតនៅក្នុងបរិបទដែលជួបភាពលំបាកទាំងនេះរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការ និងគោលនយោបាយសង្គ្រោះជាច្រើនរាប់ទាំងការទម្លាក់កញ្ចប់ថវិកាសន្សំរបស់ជាតិផងដែរសម្រាប់ដោះស្រាយផលប៉ះពាល់និងសង្គ្រោះវិស័យសំខាន់ៗ ហើយក្នុងនោះវិស័យអចលនទ្រព្យក៏ទទួលបាននូវភាពអនុគ្រោះពីរាជរដ្ឋាភិបាលផងដែរ។
លោកឧកញ៉ា នួន រិទ្ធី បានមានប្រសាសន៍ថា “ក្នុងរយៈពេលកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជាបានប្រឹងប្រែងព្យាយាមយ៉ាងខ្លាំង ក្នុងការទប់ស្កាត់បញ្ហាធ្ងន់ធ្ងរហើយបន្តកិច្ចអភិវឌ្ឍផ្នែកសំខាន់ៗដែលជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិដែលក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធបានដើរតួជាអាទិភាព ដូចជាការសាងសង់ព្រលានយន្តហោះថ្មីទាំងនៅខេត្តកណ្តាល ទាំងនៅខេត្តសៀមរាបក៏ដូចជាខេត្តមណ្ឌលគីរី ការស្ថាបនាផ្លូវទាំង៣៤ខ្សែនៅក្រុងព្រះសីហនុ ការស្ដារ និងស្ថាបនាផ្លូវទាំង៣៨ខ្សែនៅក្រុងសៀមរាប ការស្ដារផ្លូវជាតិលេខ៥ជាផ្លូវហាយវេ ការស្ដារផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ផ្លូវលេខ៣៣ គម្រោងស្ដារផ្លូវជាតិលេខ៦ និងលេខ៧ក៏ដូចជាគម្រោងសាងសង់ស្ពានជាច្រើនកន្លែងជាដើម”។
អ្នកអភិវឌ្ឍន៍រូបនេះបានមានប្រសាសន៍ទៀតថា នៅពេលដែលមានការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានា ដូចជាស្ពាន ផ្លូវថ្នល់បណ្តាញទឹកស្អាត ភ្លើង នៅតំបន់ណាមួយដែលអនុគ្រោះ និងបង្កភាពងាយស្រួលដល់ការធ្វើដំណើរនិងរស់នៅបាន នោះគម្រោងអភិវឌ្ឍន៍វិសំណង់លំនៅដ្ឋានក៏អាចនឹងកើតមានយ៉ាងឆាប់រហ័សហើយនៅពេលដែលមានគម្រោងអភិវឌ្ឍន៍សាងសង់លំនៅដ្ឋាន គម្រោងបង្កើតជាតំបន់ឧស្សាហកម្មជាដើមគឺជំរុញឲ្យមានការប្រើប្រាស់ដីដែលសុទ្ធតែជាការគាំទ្រដល់ទីផ្សារអចលនទ្រព្យទាំងអស់។ដូច្នេះមានន័យថា នៅតំបន់ណាដែលមានការអភិវឌ្ឍន៍វិស័យហេដ្ឋារចនាសម្ព័ន្ធតំបន់នោះក៏នឹងមានតម្រូវការទិញលក់នៅក្នុងទីផ្សារអចលនទ្រព្យដូចគ្នា៕