រាជធានីភ្នំពេញ៖ ចំណូលពន្ធអាករឆមាសទី១ (តាមប្រព័ន្ធគ្រប់គ្រងចំណូលអនឡាញ របស់អគ្គនាយកដ្ឋានពន្ធដារ) មានចំនួន ៦ ១៣៩,៤១ប៊ីលានរៀល ( ប្រមាណជា ១៥១៥,៩០ លានដុល្លារ) ស្មើនឹង ៦៧, ៥៨% នៃផែនការ តែធៀបនឹងការប្រមូលពន្ធអាករឆ្នាំ ២០២០ ក្នុងរយៈពេលដូចគ្នាឃើញថា ថយចុះ ៧២៧,៩៨ ប៊ីលានរៀន (ប្រមាណជា ១៧៩, ៧៥លានដុល្លារអាមេរិក)

តាមសេចក្ដីប្រកាសព័ត៌មាន នៃកិច្ចប្រជុំប្រចាំឆ្នាំដែលដឹកនាំដោយ ឯកឧត្តម គង់ វិបុល រដ្ឋមន្រ្តីប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃ ២០កក្កដា។ លទ្ធផលនៃកិច្ចប្រជុំនេះ ក៏បានបង្ហាញដែរថា គិតត្រឹមថ្ងៃ ២០កក្កដា ឆ្នាំ ២០២១ នេះ អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលចំណូលពន្ធ អាករគ្រប់ប្រភេទ(តាមប្រព័ន្ធអនឡាញ) មានចំនួនប្រមាណ ១៥៩០,៣៨លានដុល្លារអាមេរិក។ ចំពោះតែ២០ថ្ងៃក្នុងខែកក្កដាគឺ សម្រេចប្រមូលពន្ធបានប្រមាណ ៧៤, ៣២លានដុល្លារ។

ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូ បានបញ្ជាក់ថា ការអូសបន្លាយនៃការរាតត្បាតនៃជំងឺកូវីដ១៩ ក្នុងឆ្នាំ ២០២០ និងការផ្ទុះឡើងនៃព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ បានជះឥទ្ធិពលជាអវិជ្ជមាន មកលើការគ្រប់គ្រងប្រមូលចំណូល ពន្ធអាករយ៉ាងខ្លាំង។ 

ក៏ប៉ុន្ដែ ការដាក់ចេញនូវវិធានការនិងការអនុវត្តន៍តាមប្រព័ន្ធអនឡាញ និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដែលអគ្គនាយកដ្ឋានពន្ធដារបានបង្កើតជាបន្តបន្ទាប់ គឺជាការអនុវត្តប្រកបដោយបុរេសកម្ម និងបានឆ្លើយតបទៅនឹងការប្រឈម ព្រមទាំងការលំបាកនានាក្នុងបរិបទនៃការរាតត្បាតនៃជំងឺកូវីដ១៩នេះ។ ដែលបានឆ្លុះបញ្ជាំងតាមរយៈលទ្ធផលប្រមូលចំណូលពន្ធក្នុងឆមាសទី១ឆ្នាំ ២០២១សម្រេចបានរហូតដល់ ៦៧,៥៨%នៃផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២១៕