ស្ថិតក្នុងបរិបទនៃពិភពលោក ដែលពោរពេញទៅដោយ​ភាពរីកចម្រើនយ៉ាងឆាប់រហ័សនេះ កម្ពុជាបានដាក់គោលដៅ​អភិវឌ្ឍយ៉ាងសំខាន់ដើម្បីឈានជើងទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ដើម្បី​សម្រេចគោលដៅទាំងអស់នេះ កម្ពុជាត្រូវការប្រភពធនធានជាច្រើន ដែលជាធាតុចូលនៃការអភិវឌ្ឍសេដ្ឋកិច្ច។​ប្រភពធនធានទាំងអស់នោះ មានទាំងធនធានពីក្រៅប្រទេសនិងធនធានដែលយើងបានកសាងនៅក្នុងប្រទេស។

ពាក់ព័ន្ធនឹងបញ្ហានេះ លោកបណ្ឌិត ចាន់ សុផល អ្នកជំនាញសេដ្ឋកិច្ចបានលើកឡើងថា សេដ្ឋកិច្ចកម្ពុជាទទួលបានលំហូរសាច់ប្រាក់ជាច្រើនពីបរទេស នៅក្នុងរយៈពេលជិត៣០ឆ្នាំកន្លងមក ទោះបីជាមួយភាគបានមកពីការដោះដូរជាមួយនឹងធនធានធម្មជាតិ និងដីធ្លី ក៏ដោយ។ សាច់ប្រាក់ទាំងនេះបង្កឱ្យមានកំណើនសម្ភារៈដូចជា សំណង់ យានយន្ត និងវត្ថុប្រើប្រាស់ផ្សេងៗ។ បូករួមនឹងការប្រឹងប្រែងធ្វើការងាររបស់ប្រជាពលរដ្ឋ លំហូរនិងស្តុកមូលធនបានបង្កើតជាកំណើនសេដ្ឋកិច្ចខ្ពស់បង្គួរក្នុងរយៈពេលជាង២០ឆ្នាំមកនេះ។

លោកបណ្ឌិតបានបន្ថែមទៀតថា បន្តទៅអនាគតតើកម្ពុជានឹងនៅតែបន្តការពឹងពាក់លើកត្តាខាងក្រៅជាចម្បងទៀតឬទេ ដើម្បីបន្តបានកំណើនសេដ្ឋកិច្ច រហូតដល់ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់? ខ្ញុំយល់ថាកម្ពុជា នឹងនៅតែបន្តការពឹងពាក់លើពិភពលោកដើម្បីជាប្រភពនៃកំណើនសេដ្ឋកិច្ចខ្ពស់។ 

ក៏ប៉ុន្តែកម្ពុជាក៏អាចខិតខំដោយខ្លួនឯងបានដែរ ដោយប្រើប្រាស់មូលធនកន្លងមក ប្រកបដោយផលិតភាពនិងគុណូបធិបតេយ្យ និងចាំបាច់ត្រូវឈរលើគោលការណ៍ប្រឹងប្រែងប្រកួតប្រជែងស្មើគ្នា ចំពោះមុខច្បាប់ដើម្បីធានាបាននូវការចូលរួមបានទូលំទូលាយ (ប្រកបដោយបរិយាប័ន្ន)។បើនិយាយសង្ខេបបែបសាមញ្ញគឺ សូមបង់ពន្ធត្រឹមត្រូវទាំងអស់គ្នា៕