ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ថា កម្ពុជាបានប្រែក្លាយវិបត្តិជំងឺកូវីដ-១៩ ទៅជាឱកាសកែទម្រង់ក្នុងប្រទេស ហើយក្រសួងពាណិជ្ជកម្ម បានខិតខំអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការជំរុញផលិតកម្មក្នុងស្រុក ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ និងធ្វើពពិធកម្មវិស័យនាំចេញ សំដៅជំរុញការធ្វើសមាហរណកម្មសេដ្ឋកិច្ច ពាណិជ្ជកម្មក្នុងតំបន់ និងពិភពលោក។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ដូច្នោះ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ពិធីបើកសន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០២០ និងទិសដៅអនុវត្តន៍ការងារពាណិជ្ជកម្មឆ្នាំ២០២១ នៅទីស្តីការក្រសួង កាលពីព្រឹកថ្ងៃព្រហស្បត្តិ៍ ទី០១ ខែមេសា ឆ្នាំ២០២១ ដោយមានការចូលរួមផ្ទាល់ និងតាមប្រព័ន្ធវីដេអូ Conference ពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួង និងមន្ទីរពាណិជ្ជកម្មគ្រប់លំដាប់ថ្នាក់ចំនួនជាង ២០០នាក់។

នៅក្នុងឱកាសនោះ ឯកឧត្តម ប៉ាន សូរស័ក្តិ បានជម្រាបជូនអង្គសន្និបាតពីសមិទ្ធផលការងារឆ្នាំ២០២០ និងការរក្សាបានកំណើននាំចេញ ១៦,៧% ប្រហាក់ប្រហែលនឹងឆ្នាំ២០១៩ ការខិតខំធ្វើពិពិធកម្មទីផ្សារ និងទាក់ទាញវិនិយោគថ្មីៗបន្ថែម តាមរយៈការចរចារបង្កើតតំបន់ពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគី ការពង្រឹងវិស័យកម្មសិទ្ធិបញ្ញា និងកិច្ចការពារអ្នកប្រើប្រាស់ និងការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យាទំនើប ដើម្បីលើកកម្ពស់សេវាសាធារណៈ និងសម្រួលការធ្វើធុរកិច្ចជាដើម។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្តទៀតថា ក្រសួងពាណិជ្ជកម្មបានកំពុងខិតខំពង្រឹងសមត្ថភាព និងប្រសិទ្ធភាពការងាររបស់មន្រ្តីថែមទៀត ដើម្បីចូលរួមប្រកួតប្រជែងក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោក តាមរយៈការពង្រឹងធនធានមនុស្ស ការធ្វើកំណែទម្រង់រចនាសម្ព័ន្ធរដ្ឋបាល និងគ្រប់គ្រង ការអភិវឌ្ឍស្ថាប័ន រួមទាំងកសាងច្បាប់​ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យពាណិជ្ជកម្ម ផងដែរ។

ដើម្បីប្រមូលធាតុចូលពីវិស័យពាក់ព័ន្ធ សំដៅចងក្រង និងដាក់ចេញនូវទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០២១ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ក៏បានផ្តល់ឱកាសដល់មន្ត្រីមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងវិស័យឯកជន និងអង្គភាពក្រោមឱវាទក្រសួងពាណិជ្ជកម្ម រាយការណ៍អំពីសកម្មភាពការងារ បញ្ហាប្រឈម ក៏ដូចជាលើកអនុសាសន៍នានា ដើម្បីដាក់ជូនអង្គសន្និបាតធ្វើការពិភាក្សា។