រាជធានីភ្នំពេញ៖ ឧបករណ៍វាស់ចំណុះស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរា (Flowmeter) ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ នៅរោងចក្រផលិតស្រាបៀររបស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ឯក នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២។ លោក គង់ វិបុល សង្ឃឹមយ៉ាងមុតមាំថា នឹងមានសហគ្រាសផលិតស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរាជាបន្តបន្ទាប់ទៀត នឹងចូលរួមអនុវត្តកាតព្វកិច្ចដំឡើងឧបករណ៍វាស់ចំណុះនេះ។ 

លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយដ្ឋានពន្ធដារ បានថ្លែងកោតសរសើរចំពោះក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ឯក (Vattanac Brewery Co., Ltd)  ដែលជាសហគ្រាសមួយ មានអនុលោមភាពសារពើពន្ធខ្ពស់ និងបានស្ម័គ្រចិត្តចូលរួមសហការ និងបានបំពាក់ឧបករណ៍វាស់ចំណុះស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរា។

លោកបញ្ជាក់ថា ការស្ម័គ្រចិត្តដំឡើងឧបករណ៍នេះ គឺជាការឆ្លុះបញ្ចាំងនូវអនុលោមភាព និងតម្លាភាពរបស់ក្រុមហ៊ុន ចំពោះរដ្ឋបាលសារពើពន្ធ ហើយនេះក៏ជាគំរូសម្រាប់សហគ្រាសផ្សេងទៀតក្នុងវិស័យដូចគ្នានេះ ក៏ដូចជាសហគ្រាសទូទៅ និងជាការចូលរួមចំណែកមិនអាចខ្វះបាន ពីវិស័យឯកជនជាដែលដៃគូដ៏សំខាន់របស់រដ្ឋ និងជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍនិងជំរុញកំណើនសេដ្ឋកិច្ច។

ក្នុងគោលដៅពង្រឹងការគ្រប់គ្រងប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទ ជាពិសេស ចំណូលអាករពិសេសលើផលិតផលស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរា ឱ្យមានប្រសិទ្ធភាពខ្ពស់ និងធានាបាននូវការប្រកួតប្រជែងដោយស្មើភាពគ្នា។

សហគ្រាសផលិតក្នុងស្រុក មានកាតព្វកិច្ចដំឡើងឧបករណ៍វាស់ចំណុះនេះតាមចំណុច ទីតាំង និងស្តង់ដារបច្ចេកទេសត្រឹមត្រូវ ដែលទទួលស្គាល់ដោយអគ្គនាយកដ្ឋានពន្ធដារ ដោយបានកំណត់ពេលវេលា នៃ ការផ្តើមអនុវត្តប្រើប្រាស់ ឧបករណ៍វាស់ចំណុះនេះចាប់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១។

ឧបករណ៍វាស់ចំណុះ នឹងតភ្ជាប់ទៅនឹងប្រព័ន្ធអេឡិចត្រូនិក ដោយផ្ទាល់ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធបណ្ដាញ (Network) របស់អគ្គនាយកដ្ឋានពន្ធដារ និងដំណើរការ ២៤ម៉ោងក្នុងមួយថ្ងៃ ដែលឧបករណ៍នេះមាន នាឡិកាវាស់ចំណុះ (Flowmeter) នាឡិកាវិភាគសារធាតុរាវនៅខ្សែចង្វាក់ផលិតកម្មវេចខ្ចប់ (Conductivity meter) និង ប្រអប់ត្រួតពិនិត្យទិន្នន័យ (Field Control Box)៕