រាជធានីភ្នំពេញ៖ ស្ពានអាកាសថ្មីមួយខ្សែទៀត នឹងលេចចេញជារូបរាងនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុង ឫស្សីកែវ ដែលអាចជួយសម្រួល និងរំដោះការកកស្ទះចរាចរណ៍ ដែលកំពុងមានកំណើនជារៀងរាល់ថ្ងៃនោះ។

នៅព្រឹក ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២នេះផងដែរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសថ្មីនេះ។

ស្ពានអាកាសដែលបើកការដ្ឋានសាងសង់ថ្មីនេះ ស្ថិតនៅលើបណ្តោយផ្លូវជាតិលេខ៥ ចំណុចប្រសប់នៃផ្លូវតភ្ជាប់ពីស្ពានខ្សែកាបឫស្សីកែវ ឆ្លងកាត់ទន្លេសាប ដែលតភ្ជាប់រវាងផ្លូវជាតិលេខ៥ និងទីក្រុងរណបជ្រោយចង្វា។ 

ស្ពានអាកាសនេះ មានបណ្តោយសរុបប្រវែង ៤៨៣ម៉ែត្រ (បណ្តោយស្ពានអាកាស ១៤៥ម៉ែត្រ និងផ្លូវគល់ស្ពានសងខាង ៣៣៨ម៉ែត្រ), មានទទឹង ១៥.៨ម៉ែត្រ។ គ្រោងចំណាយថវិកាសាងសង់ជិត ១០លានដុល្លារអាមេរិក។ គម្រោងស្ពានអាកាសនេះ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអនិកជនកម្ពុជា (OCIC) ដោយប្រើរយៈពេលប្រមាណ ១៥ខែ។