រដ្ឋធានីអាប៊ុយដាប៊ី, អេមីរ៉ាតអារ៉ាប់រួម៖ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា និងលោក ថានី ប៊ីន អាម៉េត អាល់ ហ្សេយូឌី រដ្ឋមន្រ្តីទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិនៃក្រសួងសេដ្ឋកិច្ចអេមីរ៉ាតអារ៉ាប់រួម បានចូលរួមជាអធិបតីភាពក្នុងពិធីប្រកាសបើកការចរចាជាផ្លូវការ នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម (Cambodia-UAE Comprehensive Economic Partnership Agreement ហៅកាត់ Cambodia-UAE CEPA) ។
តាមការបញ្ជាក់របស់លោកប៉ាន សូរស័ក្ដិ កិច្ចព្រមព្រៀងនេះមានបញ្ចូលការចរចាលើការធ្វើសេរីភាវហូបនីយកម្មទំនិញ សេវាកម្ម ការជំរុញការវិនិយោគ និងការចរចាលើបញ្ញត្តិសំខាន់ៗ រួមមាន៖ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក របាំងបច្ចេកទេសពាណិជ្ជកម្ម អនាម័យនិងភូតគាមអនាម័យ កម្មសិទ្ធិបញ្ញា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងសហគ្រាសធុនតូចនិងមធ្យម ជាដើម។-ល-។
លោករដ្ឋមន្ត្រីបានបន្តថា “Cambodia-UAE CEPA” មានលក្ខណៈពិសេសសម្រាប់ប្រទេសទាំងពីរ ដោយសារកិច្ចព្រមព្រៀងនេះនឹងបន្តពង្រឹងមិត្តភាពដែលមានស្រាប់ជាប្រពៃណីរវាងប្រទេសទាំងពីរ និងលើកកម្ពស់ទំនាក់ទំនងដែលកំពុងរីកចម្រើនរវាងពិភពអារ៉ាប់ និងអាស៊ាន។ តំបន់ទាំងពីរ នាពេលបច្ចុប្បន្ននេះ ស្ថិតក្នុងចំណោមតំបន់ ដែលមានថាមវ័ន្តសេដ្ឋកិច្ចខ្លាំងនៅលើពិភពលោក ដូចនេះមានកាលានុវត្តភាពជាច្រើនដែលភាគីទាំងពីរអាចច្បាមយកសម្រាប់ការអភិវឌ្ឍខឿនសេដ្ឋកិច្ច។ អេមីរ៉ាតអារ៉ាប់រួមអាចជាមូលដ្ឋានរបស់កម្ពុជាសម្រាប់ការផ្តត់ផ្គង់ទៅទីផ្សារអារ៉ាប់ ហើយដូចគ្នាដែរ កម្ពុជាអាចជាមូលដ្ឋានរបស់អេមីរ៉ាតអារ៉ាប់រួម សម្រាប់តំបន់អាស៊ានទាំងមូល។
ជាមួយគ្នានេះ លោក អាល់ ហ្សេយូឌី ក៏បានលើកឡើងដែរថា ការចរចាពាណិជ្ជកម្មសេរីជាមួយកម្ពុជា គឺជាផ្នែកដ៏សំខាន់នៃយុទ្ធសាស្ត្ររបស់អេមីរ៉ាតអារ៉ាប់រួម ក្នុងការកសាងទំនាក់ទំនងកាន់តែជិតស្និទ្ធ និងរឹងមាំជាមួយដៃគូពាណិជ្ជកម្មជុំវិញពិភពលោក។
អេមីរ៉ាតអារ៉ាប់រួម បាននឹងកំពុងតាក់តែងទស្សនវិស័យសេដ្ឋកិច្ចសម្រាប់រយៈពេលវែង និងកសាងនូវមូលដ្ឋានគ្រឹះដើម្បីសម្រេចបាននូវកំណើន កាលានុវត្តភាព និងភាពជោគជ័យបន្ថែមទៀត។ របៀបវារៈនៃកិច្ចព្រមព្រៀង Cambodia-UAE CEPA នេះ គឺពិតជាមានសារៈសំខាន់សម្រាប់គោលបំណងទាំងនេះ ហើយយើងសូមស្វាគមន៍នូវកិច្ចពិភាក្សាជាមួយគ្រប់ភាគីពាក់ព័ន្ធ ដែលមានឆន្ទៈក្នុងការពន្លឿនចរាចរណ៍នៃទំនិញ ធានាខ្សែច្រវាក់ផ្គត់ផ្គង់ និងស្វែងរកឱកាសក្នុងការបណ្តាក់ទុនរួមគ្នា សម្រាប់ផលប្រយោជន៍ទៅវិញទៅមក។
តាមការបញ្ជាក់របស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ដំណើរការចរចាជុំទី១ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤-២៦ ខែតុលា ឆ្នាំ២០២២ ដែលភាគីកម្ពុជានឹងត្រូវដឹកនាំដោយ លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងភាគីអេមីរ៉ាតអារ៉ាប់រួមនឹងត្រូវដឹកនាំដោយ លោក ជូម៉ា ម៉ូហាមេដ អាល់ កាត (Juma Mohammed Al Kait) អនុរដ្ឋមន្ត្រីទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិនៃក្រសួងសេដ្ឋកិច្ចអេមីរ៉ាតអារ៉ាប់រួម ព្រមជាមួយមន្រ្តីជាន់ខ្ពស់ តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ នៃប្រទេសទាំងពីរ៕