រាជធានីភ្នំពេញ៖ វេទិកាធុរកិច្ចកម្ពុជា-កូរ៉េ ឆ្នាំ២០២១ ដែលបានរៀបចំឡើងតាមប្រព័ន្ធវីដេអូ ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រោមកិច្ចសហការជាមួយស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា និងភ្នាក់ងារជំរុញវិនិយោគ និងពាណិជ្ជកម្មកូរ៉េ (KOTRA) ដើម្បីផ្សព្វផ្សាយច្បាប់ថ្មីស្តីពីការវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់វិនិយោគិន និងធុរជនកូរ៉េ ដោយមានការចូលរួមអបអរសារទរ ពីលោកជំទាវឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងវិនិយោគិនប្រមាណ១០០នាក់។
ច្បាប់វិនិយោគថ្មី ត្រូវបានព្រះមហាក្សត្រឡាយព្រះហត្ថលេខាដាក់ឲ្យប្រើប្រាស់ កាលពីថ្ងៃទី ១៥ តុលា ២០២១ កន្លងមកនេះ ដែលត្រូវបានរាជរដ្ឋាភិបាលរំពឹងថា នឹងអាចបន្តទាក់ទាញការវិនិយោគថ្មីៗបន្ថែមទៀត លើលក្ខណៈអំណោយផល និងភាពងាយស្រួលនៃការវិនិយោគនៅកម្ពុជា រួមជាមួយនឹងការអនុម័តនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-សាធារណរដ្ឋកូរ៉េ កាលពីចុងខែតុលានេះ ផងដែរ។
លោកជំទាវ ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូត កម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានរំលេចថា ឯកសារទាំងពីរនេះ នឹងធ្វើឲ្យទំនាក់ទំនងពាណិជ្ជកម្មនិងការវិនិយោគ កម្ពុជា - កូរ៉េ កាន់តែមានសន្ទុះមួយកម្រិតបន្ថែមទៀត ដែលជាការចូលរួមលើកកម្ពស់ការស្ដារសេដ្ឋកិច្ចសង្គមឡើងវិញ ក្រោយវិបត្តិកូវីដ១៩។
សូមជម្រាបជូនដែរថា ពាណិជ្ជកម្មកម្ពុជា-សាធារណៈរដ្ឋកូរ៉េ សម្រេចបានទំហំជាង ១ពាន់លានដុល្លារអាមេរិក នៅក្នុងឆ្នាំ ២០១៩ ខណៈភាគីកូរ៉េ ជាអ្នកវិនិយោគធំជាងគេទី២ នៅកម្ពុជា ដែលបណ្ដាក់ទុនជិត ៧ពាន់លានដុល្លារអាមេរិកគិតចាប់ពីឆ្នាំ១៩៩៧មក ដល់បច្ចុប្បន្ន។
ឯកឧត្តម Park Heung Kyeong ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា បានលើឡើងថា បន្ថែមពីឯកសារខាងលើ រួមជាមួយនឹងការចូលជាធរមាន នៃកិច្ចព្រមព្រៀងស្ដីពីការលុបបំបាត់ការយកពន្ធត្រួតគ្នា ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ នោះទំហំពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំំងពីរពិតជាមានកំណើនកាន់តែខ្ពស់ជាមិនខាន។
ឯកឧត្តម សុខ ចិន្តាសោភា ប្រតិភូរាជរដ្ឋាភិបាល បានមានប្រសាសន៍ថា ច្បាប់វិនិយោគថ្មីនេះ នឹងច្បាមយកនូវកាលានុវត្តភាពជាអតិបរិមា ពីនិម្មាបនកម្មសេដ្ឋកិច្ច ក្នុងតំបន់ដែលកំពុងមានការវិវត្តន៍យ៉ាងឆាប់រហ័ស និងរំពឹងថា វិនិយោគិនកូរ៉េ ជួយផ្សព្វផ្សាយបន្តពីកាលានុវត្តភាពនេះ និងសម្រេចចិត្តមកវិនិយោគនៅកម្ពុជាជាក់ជាមិនខាន៕