ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាង ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានទទួលជួប ឯកឧត្តម សៅ អែហ្វអិម អាល់ ស៊ូវ៉េលីម (Saud F.M. Al Suwelim) ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីតប្រចំាព្រះរាជាណាចក្រកម្ពុជា (និវេសនដ្ឋាននៅទីក្រុងហាណូយ) ដើម្បីពិភាក្សាអំពីការជំរុញ និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសការបង្កើនទំហំពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីឱ្យបានខ្ពស់ថែមមួយកម្រិតទៀត។

ក្នុងជំនួបនេះ ឯកឧត្តមឯកអគ្គរាជទូត បានស្នើឱ្យមានការផ្លាស់ប្តូរដំណើរទស្សនកិច្ចរវាងថ្នាក់ដឹកនាំប្រទេស/ស្ថាប័នរដ្ឋ និងសភាពាណិជ្ជកម្មនៃប្រទេសទាំងពីរ ក្នុងគោលបំណងស្វែងយល់ពីតម្រូវការទៅវិញទៅមក ផ្គូផ្គងដៃគូធុរកិច្ច-វិនិយោគ និងការផ្លាស់ប្តូរមុខទំនិញសក្តានុពលរវាងទីផ្សារនៃប្រទេសទាំងពីរ។

ឯកឧត្តមរដ្ឋលេខាធិការបានគាំទ្រលើគ្រប់សំណើខាងលើ និងសង្ឃឹមថាថ្នាក់ដឹកនាំប្រមុខរាជរដ្ឋាភិបាលកម្ពុជា នឹងអញ្ជើញបំពេញទស្សនកិច្ចនៅអារ៉ាប៊ីសាអូឌីត និងមានការរៀបចំជំនួបទ្វេភាគីរវាងឯកឧត្តមរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនៃប្រទេសទាំងពីរ នាពេលខាងមុខ។ 

ឯកឧត្តមរដ្ឋលេខាធិការក៏បានសំណូមពរភាគីអារ៉ាប៊ីសាអូឌីត ពិនិត្យលទ្ធភាពបង្កើតកិច្ចព្រមព្រៀង ឬអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ក្នុងគោលបំណងបង្កើតគណៈកម្មការចម្រុះរួម ដើម្បីផ្លាស់ប្តូរយោបល់គ្នា សំដៅពង្រីកទំហំពាណិជ្ជកម្មនិងវិនិយោគទ្វេភាគី។

ពាក់ព័ន្ធនឹងការឈរឈ្មោះជាបេក្ខភាពធ្វើជាម្ចាស់ផ្ទះរៀបចំពិព័រណ៌ពិភពលោកឆ្នាំ២០៣០ និងស្នើសុំការគាំទ្រពីកម្ពុជា ឯកឧត្តមរដ្ឋលេខាធិការ បានឆ្លើយតបដោយអបអរសាទរចំពោះការតាំងចិត្តរបស់រាជរដ្ឋាភិបាល និងប្រជាជននៃប្រទេសអារ៉ាប៊ីសាអូឌីត ចំពោះការចូលរួមប្រកួតប្រជែង និងសូមជូនពរប្រទេសអារ៉ាប៊ីសាអូឌីតឱ្យទទួលបានសំឡេងឆ្នោតគាំទ្រច្រើនពីសមាជិក BIE (Bureau International of Expositions) នាពេលខាងមុខ ហើយកម្ពុជានឹងត្រៀមខ្លួនចូលរួមសហការជាមួយប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងករណីដែលប្រទេសអារ៉ាប៊ីសាអូឌីតឈ្នះការបោះឆ្នោត។

សូមជម្រាបជូនថា ប្រទេសទាំងពីរសម្រេចបានពាណិជ្ជកម្មទ្វេភាគីក្នុងទំហំទឹកប្រាក់ ២៦លានដុល្លារ ក្នុងឆ្នាំ២០២១ កើនឡើងជិត៤០% បើធៀបនឹងឆ្នាំ២០២០ (ត្រឹមតែ១៩លានដុល្លារ) ខណៈដែលពាណិជ្ជកម្មទ្វេភាគីមានទំហំ ១៥.៦លានដុល្លារ ក្នុងឆ្នាំ២០១៩ និង ១៦លានដុល្លារ ក្នុងឆ្នាំ២០១៨។ កម្ពុជានាំចេញមុខទំនិញសំខាន់ៗ ទៅអារ៉ាប៊ីសាអូឌីតមានដូចជា អង្ករ សម្លៀកបំពាក់ ស្បែកជើង ផលិតផលធ្វើពីស្បែក និងផ្លែឈើ ដោយឡែកកម្ពុជានាំចូលមុខទំនិញសំខាន់ៗ ពីអារ៉ាប៊ីសាអូឌីតមានដូចជា ផលិតផលធ្វើពីប្លាស្ទិក អាលុយមីញ៉ូម ផ្លែឈើ ជីគីមី សម្ភារៈសំណង់ និងដទៃទៀត៕