រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី៧ កុម្ភៈ ឆ្នាំ២០២២ កម្ពុជា បានទទួលតំណែងជាប្រធានក្រុមការងារវេទិកាអាស៊ានស្ដីពីពន្ធដារឆ្នាំ២០២២ ជាផ្លូវការ បន្តពីប្រទេសប្រុយណេ ដែលពិធីផ្ទេរនេះធ្វើឡើងតាមអនឡាញ នៅអគ្គនាយកដ្ឋានពន្ធដារ ដោយមានការចូលរួមពី លោកស្រី ប៊ុន នារី អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ និងភាគីប្រុយណេ ដឹកនាំដោយលោកស្រី Normaswati Mashor ប្រធាននាយកដ្ឋាន ចំណូលព្រុយណេ និងមានការចូលរួមពីតំណាងលេខាធិការដ្ឋានអាស៊ានផងដែរ។

ក្នុងនាមជាប្រធានដែលត្រូវប្ដូរវេន លោកស្រី Normaswati Mashor បានរាយការណ៍ជូនអង្គប្រជុំអំពីវឌ្ឍនភាពការងារដូចជា៖ 

  • បណ្ដាញកិច្ចព្រមព្រៀងស្ដីពី ការចៀសវាងការយកពន្ធត្រួតគ្នារបស់អាស៊ាន។
  • ការចរចារ DTA ឡើងវិញនៅក្នុងអាស៊ាន
  • ការអនុវត្តន៍ការផ្លាស់ប្ដូរព័ត៌មាន
  • ការសិក្សារចនាសម្ព័ន្ធកាត់ទុកក្នុងអាស៊ាន 
  • ការធ្វើឲ្យមានស្ដង់ដារនៃវិញ្ញាបនបត្រនិវាសនជនក្នុងអាស៊ាន
  • ការងារផ្សេងៗនៃអនុក្រុមការងារវេទិកាអាស៊ាន ស្ដីពីអាករពីសេស។
លោកស្រី ប៊ុន នារី បានលើកឡើងថា អគ្គនាយកពន្ធដារ នឹងធ្វើការជាមួយរដ្ឋសមាជិកទាំងអស់ ដើម្បីកំណត់នូវសកម្មភាពអាទិភាពប្រចាំឆ្នាំ ២០២២ របស់ក្រុមការងារវេទិកាអាស៊ានស្ដីពីពន្ធដារ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការពន្ធដារក្នុងអាស៊ាន៕