រាជធានីភ្នំពេញ៖ កម្មវិធីពន្លឿនអាជីវកម្មសហគ្រាសធុនតូច និងមធ្យមឌីជីថល ឬ Digital SME Accelerator program បានបញ្ចប់ការប្រកួតអាជីវកម្ម ដែលជ័យលាភីលេខ១ បានទៅលើក្រុម Delightech។

ក្រោយពីបេក្ខជន៨ក្រុម បានធ្វើបទបង្ហាញអំពីគំនិតអាជីវកម្មរបស់ខ្លួន គណកម្មការទាំង៤រូបបានវិនិច្ឆ័យដាក់ពិន្ទុនិងសម្រេចប្រគល់ ជ័យលាភីលេខ១ ទៅកាន់ក្រុម Delightech, ជើងឯករងលេខ២ ទៅកាន់ក្រុម Homeapp Asia និងជើងឯករងលេខ៣ ទៅកាន់ក្រុម Coin Cloud។

Delightech មានម៉ូដែលនៃគំរូអាជីវកម្ម ប្រភេទជាការផ្ដល់ប្រាក់កម្ចីខ្នាតតូច តាមថ្នាលបច្ចេកវិទ្យា ដែលបង្កលក្ខណៈងាយស្រួល រហ័ស និងសន្សំសំចៃផងដែរ។ នេះបើតាមការធ្វើបទបង្ហាញរបស់ក្រុម Delightech ក្នុងកម្មវិធី Demo Day។

គួរបញ្ជាក់ផងដែរថា «ថ្ងៃដាក់បង្ហាញ ឬDemo Day» ដែលជាវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីពន្លឿលអាជីវកម្មនេះ បានប្រព្រឹត្តិទៅក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត គង់ ម៉ារី អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ផងដែរ។