ខេត្តកំពង់ស្ពឺ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជាផ្លូវការ ដល់រោងចក្រដំឡើងរថយន្ដ តម្លៃ ១៥.៦លានដុល្លារ ក្នុងខេត្តកំពង់ស្ពឺ ដែលអាចបង្កើតការងារ បានចំនួន៧៣៨កន្លែង។

រោងចក្រដំឡើងរថយន្ដនេះ វិនិយោគដោយក្រុមហ៊ុន GTV MOTOR CO., LTD មានទីតាំងស្ថិតនៅអគារលេខ ៦ A និង ៦ B ផ្លូវជាតិលេ៣ ភូមិអង្រ្គង ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ឯកឧត្តម សុខ ចិន្ដាសោភា រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានប្រាប់សារព័ត៌មានក្នុងស្រុកថា ការដែលក្រុមហ៊ុនមកបណ្ដាក់ទុនវិនិយោគដំឡើងរថយន្ដនៅកម្ពុជា ដោយពួកគេបានតាមដានច្បាស់លាស់ពីទីផ្សារ និងសេដ្ឋកិច្ចកម្ពុជា។

ឯកឧត្តមបានបញ្ជាក់យ៉ាងដូច្នេះថា «ការដំឡើងរថយន្ដ នៅក្នុងទីផ្សារកម្ពុជា ដោយបានតាមដានតួរលេខនាំចូល និងអាចសន្និដ្ឋានថា ជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជាកាន់តែមានភាពប្រសើរឡើង»។

ឯកឧត្តមបញ្ជាក់ថា៖ ការចូលមកវិស័យដំឡើងរថយន្ដ គឺមិនមែនជាចៃដន្យនោះទេ សុទ្ធតែមានការតាមដានច្បាស់លាស់ពីប្រទេសនោះ មុននឹងឈានដល់ការចូលមកបណ្ដាក់ទុនវិនិយោគ។

សូមជម្រាបដែរថា ក្រុមហ៊ុនរថយន្ដ ISUZU ដែលជាក្រុមហ៊ុនជប៉ុន ដែលមានសកម្មភាពនៅកម្ពុជាយូរឆ្នាំមកហើយនោះ ក៏បានបណ្ដាក់ទុនដំឡើងរថយន្ដ ISUZU នៅខេត្តកំពង់ស្ពឺផងដែរ។