រាជធានីភ្នំពេញ៖ របាយការណ៍របស់ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានព្យាករណ៍ពីកំណើននៃសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២២នេះ នៅរង្វង់ ៥.៣ភាគរយ និង ឡើងដល់ ៦.៥ភាគរយ នៅឆ្នាំ ២០២៣ ដោយសារកំណើននៃការនាំចេញទំនិញ និងលំហូរវិនិយោគផ្ទាល់ពីបរទេស។

លោក Anthony Gill នាយកស្តីទី ADB ប្រចាំប្រទេសកម្ពុជា បានថ្លែងថា៖ កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា បានងើបឡើងវិញដល់ប្រមាណ ៣.០%ក្នុងឆ្នាំ២០២១ បន្ទាប់ពីបានធ្លាក់ចុះ៣.១% ក្នុងឆ្នាំ២០២០។ រាជរដ្ឋាភិបាលបានអនុវត្តគោលនយោបាយនានា ដើម្បីកាត់បន្ថយផលប៉ះពាល់ អវិជ្ជមាននៃកូវីដ១៩ មកលើអាជីវកម្ម និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ និងគាំទ្រដល់ការស្តារសេដ្ឋកិច្ចឡើងវិញ។

លោក Anthony Gill បានបន្ថែមទៀតថា ការចាក់វ៉ាក់សាំង បានយ៉ាងទូលំទូលាយប្រឆាំងនឹងកូវីដ១៩ បានអនុញ្ញាតឲ្យកម្ពុជាបើកព្រំដែនរបស់ខ្លួនឡើងវិញ សម្រាប់ពាណិជ្ជកម្ម និងទេសចរណ៍ ដែលនាំទៅរកការរំពឹងទុកវិជ្ជមាន នៃកំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំនេះ និងឆ្នាំ២០២៣។

យោងតាមរបាយការណ៍ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) ឆ្នាំ២០២២ ផលិតកម្មឧស្សាហកម្មត្រូវបានរំពឹងថា នឹងកើនឡើង ៨.១% នៅឆ្នាំ២០២២ និង ៩.១% ក្នុងឆ្នាំ២០២៣។ កំណើននេះ ក៏នឹងត្រូវបានជំរុញដោយការអនុវត្ត យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូប ដែលមានគោលបំណងបង្កើនការប្រកួតប្រជែងនៅក្នុងផ្នែកនេះ។

ការនាំចេញទំនិញ និងសេវាកម្ម ត្រូវបានព្យាករថា នឹងកើនឡើងនៅឆ្នាំ២០២២ និង ២០២៣ ដោយសារកំណើនតម្រូវការក្រៅស្រុក លើផលិតផលកម្ពុជា ព្រមជាមួយនឹងការងើបឡើងវិញជាបណ្តើរៗ នៃវិស័យទេសចរណ៍។ វិស័យសេវាកម្មត្រូវបានព្យាករថា នឹងងើបឡើងវិញនៅកម្រិត៤.៨% នៅឆ្នាំនេះ និង កើនដល់៦.៨% ក្នុងឆ្នាំ២០២៣។

ការបើកសេដ្ឋកិច្ចឡើងវិញ និងការចាក់ថ្នាំបង្ការទូលំទូលាយប្រឆាំង នឹងកូវីដ១៩ នឹងធ្វើឲ្យមានការងើបឡើងវិញបន្តិចម្តងៗ នៃវិស័យទេសចរណ៍ ដែលនឹងជួយគាំទ្រ តម្រូវការនៃកន្លែង ស្នាក់នៅ ម្ហូបអាហារ ការដឹកជញ្ជូន និងសេវាកម្មផ្ទាល់ផ្សេងទៀត។

លោក Anthony Gill បានថ្លែងថា៖ ការបង្កើនពាណិជ្ជកម្ម និង ទេសចរណ៍ តែមួយមុខនឹងមិនគ្រប់គ្រាន់ដើម្បីជួយកម្ពុជា ឲ្យមាននិរន្តរភាពកំណើនសេដ្ឋកិច្ចខ្ពស់នោះទេ។

លោកបន្តថា៖ ប្រទេសកម្ពុជាដែលធ្លាប់តែផ្តោតលើ ការផលិត និងការនាំចេញសម្លៀកបំពាក់ ទំនិញធ្វើដំណើរ និង ស្បែកជើង អាចទទួលបានអត្ថប្រយោជន៍ ពីការធ្វើពិពិធកម្ម នៃឧស្សាហកម្មធុនស្រាល ដូចជាកង់ គ្រឿងបន្លាស់ អេឡិចត្រូនិច និង ផលិតផលខ្សែភ្លើងជាដើម។ ការធ្វើពិពិធកម្មនេះ នឹងធ្វើឲ្យសេដ្ឋកិច្ចមានភាពធន់នឹងវិបត្តិនានានៃតម្រូវការក្រៅស្រុក