កម្លាំងចិត្ត ជំនឿចិត្តទឹកចិត្តក្នុងការធ្វើអ្វីមួយ អ្នកគួររក្សាវាឲ្យបានព្រោះថាធាតុទាំងនោះជាស្ពាននាំអ្នកទៅដល់គោលដៅ ឬកិច្ចការដែលអ្នកប៉ងប្រាថ្នា។ ប៉ុន្តែទន្ទឹមនឹងនោះក៏មានឧបសគ្គរាំងស្ទះគួរយកចិត្តទុកដាក់ ដែលជាបញ្ហាសំខាន់ធ្វើឱ្យមនុស្សជាច្រើនឆាប់អស់ជំនឿចិត្តនិងនឿយណាយក្នុងកិច្ចការងារដូចជា៖
១. ភាពនឿយហត់អស់កម្លាំង
ហេតុផលទីមួយដែលមនុស្សយើងអស់ជំនឿចិត្តឬនឿយណាយនៅក្នុងកិច្ចការនោះគឺ ការហត់អស់កម្លាំង។ភាពនឿយហត់អស់កម្លាំងគឺជារឿងមួយធម្មតា ព្រោះថាមនុស្សគ្រប់គ្នាតែធ្វើការច្រើនតែងហត់អស់កម្លាំងដូចៗគ្នា។ប៉ុន្តែរឿងនេះ គឺអ្នកគ្រប់គ្រងវាបាន ដើម្បីកុំឲ្យប៉ះពាល់ដល់ការងារដូចជាគេងសម្រាកឲ្យបានគ្រប់គ្រាន់ ការថែរក្សាសុខភាពឲ្យបានប្រសើរជាដើម។
២. រឿងខូចខាតមិនបានសម្រេច
រឿងដែលបានកើតឡើងទោះមិនល្អឬល្អ គឺបានកន្លងហួសទៅហើយ។ ដូចនេះ ការខកចិត្ត ឬរឿងមិនបានសម្រេចអ្វីមួយ អ្នកគួរចាត់ទុកវាជាមេរៀនមិនគួរបណ្តោយឱ្យវាក្លាយជាឧបសគ្គរារាំងកិច្ចការរហូតនោះទេ។ រឿងខូចខាតនោះ អ្នកនៅតែអាចបន្តធ្វើវាសារជាថ្មីដរាបណាអ្នកមិនទាន់អស់សង្ឃឹម និងចាប់ធ្វើវាជាថ្មីឡើងវិញ។
៣. ភាពភ័យខ្លាច
ភាពភ័យខ្លាចអាចជាស្រមោលមួយដែលចាំបន្លាចអ្នក មិនឲ្យធ្វើកិច្ចការអ្វីមួយបានសម្រេច។ ភាពភ័យខ្លាចទាំងនោះមានដូចជាខ្លាចការឡើងនិយាយ ខ្លាចការបញ្ចេញមតិ ខ្លាចការរិះគន់ ខ្លាចរឿងផ្សេងៗ ដែលធ្វើហត់នឿយមិនចង់ធ្វើកិច្ចការ។ យ៉ាងណា អ្នកអាចរៀនជម្នះវាបន្តិចម្តងៗ ដោយការព្យាយាមនិងជួយពីអ្នកដទៃខ្លះដែរ។
៤. បរាជ័យ
បរាជ័យជាផ្នែកមួយនៃជីវិតដែលធ្វើឲ្យជីវិតការងារអ្នកល្អ ឬមិនល្អ អាស្រ័យទៅលើការគិតរបស់អ្នក។ បរាជ័យម្តងពីរដង មិនជាអ្វី អ្វីដែលសំខាន់អ្នកបានរៀនសូត្រពីកំហុសបរាជ័យនោះ ហើយក្លាយជាផែនទីនាំមុខចៀសឆ្ងាយពីកំហុសឆ្គងមុនៗ។ដូចនេះ មិនគួរឲ្យបរាជ័យមកបង្អាក់ដំណើរការងារបានឡើ់យ ដរាបអ្នកមានថ្ងៃថ្មីនោះជាឱកាសថ្មីសម្រាប់អ្នកជានិច្ច៕