សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

ច្បាប់​អន្តរ​ជាតិ​គឺ​ជា​បណ្តុំ​​នៃ​វិធាន​​ដែល​គ្រប់​គ្រង​​ទំនាក់​ទំនង​​រវាង​រដ្ឋនិង​រដ្ឋ រវាង​រដ្ឋ និង​អង្គការ​អន្តរជាតិ​ក៏​ដូច​ជា​ទំនាក់​ទំនង​រវាងអង្គការ​អន្តរជាតិ និង​អង្គការ​អន្តរ​ជាតិ​ផង​ដែរ​។

នៅ​សម័យ​បុរាណ​កាល​ណា​គេ​និយាយ​ពី​ច្បាប់​អន្តរ​ជាតិគេ​ច្រើន​ផ្តោត​ទៅ​លើ​វិស័យ​សំខាន់​ៗ​​បី​ប៉ុណ្ណោះ​គឺ​ច្បាប់​​​សង្គ្រាមច្បាប់​សន្តិ​សុខ និង​ច្បាប់​ការ​ទូត។ ប៉ុន្តែ​ ដោយ​មាន​ការ​អភិវឌ្ឍ​ជា​រឿយ​ៗនៃ​ទំនាក់​ទំនង​របស់​តួ​អង្គ​​នៃ​នីតិ​​អន្តរជាតិ​ ក៏​ដូច​ជា​សេដ្ឋ​កិច្ច​សកល​លោកនាំ​ឱ្យ​គេ​ចាប់​ផ្តើម​ការ​​យក​ចិត្ត​ទុក​ដាក់​ទៅ​លើវិស័យ​ផ្សេង​ៗ​ច្រើន​ទៀតដែល​រួម​មាន​ ច្បាប់​សិទ្ធិ​មនុស្សច្បាប់​សេដ្ឋកិច្ចច្បាប់​ពាណិជ្ជកម្ម​ ច្បាប់​លំហនិង​ច្បាប់​អង្គការ​អន្តរជាតិ​ជា​ដើម​។

ច្បាប់​អន្តរ​ជាតិ​គឺ​ជា​បទ​ដ្ឋាន​គតិ​យុត្ត​អន្តរ​ជាតិ និង​មិន​មែន​ជា​ក្រម​សីលធម៌​​អន្តរជាតិ​ឡើយ។ ប៉ុន្តែ​ គួរ​កត់​សម្គាល់​​ថាគោល​ការណ៍​នៃ​ច្បាប់​អន្តរ​ជាតិ​ទទួល​ឥទ្ធិពល​យ៉ាង​ច្រើន​លើស​លុប​ពី​គោល​ការណ៍​​សីលធម៌​អន្តរជាតិជា​ពិសេស​ វិស័យ​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ​។

ច្បាប់​អន្តរ​ជាតិគឺ​ជា​ប្រព័ន្ធ​​ច្បាប់​ឯករាជ្យ​ដែល​ស្ថិត​នៅ​ក្រៅ​បទ​ដ្ឋាន​គតិ​យុត្ត​របស់​រដ្ឋ​មួយ​។ ច្បាប់​អន្តរជាតិ​មាន​ចំណុច​ខុស​គ្នា​ជា​ច្រើន​ពី​ប្រព័ន្ធ​ច្បាប់​ជាតិ​។ ជាក់​ស្តែង​ទោះ​បី​ជា​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​ដែល​​មាន​តំណាង​ជាង​១៩០​រដ្ឋ មាន​រូប​រាង​ដូច​ជា​អង្គការ​នីតិ​ប្បញ្ញត្តិ​មួយ ប៉ុន្តែ​អង្គការ​នេះមិន​មាន​អំណាច​បង្កើត​ច្បាប់​​ដែល​ចង​ភ្ជាប់​កាតព្វកិច្ច​គតិ​យុត្ត​ដល់​រដ្ឋ​នានា​ឡើយ។​

ជាង​នេះ​ទៅ​ទៀតសេចក្តី​សម្រេច​របស់​មហា​សន្និបាតត្រូវ​ចាត់​ទុក​ត្រឹម​តែ​ជា​អនុសាសន៍​ប៉ុណ្ណោះ លើក​លែង​តែ​ក្នុង​ករណី​ពិសេស​ខ្លះ និង​ក្នុង​គោល​បំណង​មួយ​ចំនួននៅ​ក្នុង​ប្រព័ន្ធ​សហប្រជាជាតិដូច​ជា​ការ​សម្រេច​ចិត្ត​អំពី​ថវិកា​សហប្រជាជាតិ​ការ​ទទួល​ស្គាល់​សមាជិក​ថ្មីកិច្ច​ការ​ពាក់​ព័ន្ធ​នឹង​ក្រុម​ប្រឹក្សា​សន្តិ​សុខការ​បោះ​ឆ្នោត​ជ្រើស​រើស​ចៅ​ក្រម​ថ្មីសម្រាប់​តុលាការ​យុត្តិធម៌​អន្តរ​​ជាតិ​។

មិន​តែ​ប៉ុណ្ណោះមិន​មាន​ប្រព័ន្ធ​តុលាការ​ដែល​​មាន​យុត្តាធិការ​ផ្តាច់​មុខ ​(Comprehensive Jurisdiction) ឡើយ​នៅ​ក្នុង​ច្បាប់​អន្តរជាតិ​។ យុត្តាធិការ​របស់​​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្នុង​វិវាទ​នានាអាច​កើត​ឡើង​បាន​លុះ​ត្រា​តែ​មាន​ការ​​ព្រម​ព្រៀង​ពី​រដ្ឋ​ភាគី​នៃ​វិវាទ​នោះ។ នៅ​ក្នុង​ប្រព័ន្ធ​សហ​ប្រជាជាតិ​មិន​មាន​កម្លាំង​​នគរ​បាល​យុត្តម៌​អន្តរជាតិ​(International Police) ហើយ ​ក៏​មិន​មាន​អាជ្ញា​ធរ​ប្រតិបត្តិ​កំពូល​ឡើយ​។

ក្រុម​ប្រឹក្សា​សន្តិ​សុខ​អង្គការ​សហប្រជាជាតិអាច​សម្រេច​អនុញ្ញាត​ឱ្យ​មាន​ការ​ប្រើ​ប្រាស់​កម្លាំង​ដើម្បី​បង្ខំ​រដ្ឋ​ឱ្យ​អនុវត្ត​​តាម​សេចក្តី​សម្រេច​របស់​ខ្លួន​ប៉ុន្តែ​ ធ្វើ​បែប​នេះ​បានតែ​ក្នុង​កាលៈ​ទេសៈ​ពិសេស និង​មាន​កំណត់​ណា​មួយ​ប៉ុណ្ណោះជា​​ពិសេស​ មុន​នឹង​អាច​អនុវត្ត​ចំណាត់​ការ​នេះត្រូវ​តែ​មាន​ការ​ឈ្លាន​ពាន ឬ​ការ​គំរាម​​កំហែង​ណា​មួយ​។

ជាង​នេះ​ទៅ​ទៀតកិច្ច​អនុវត្ត​ចំណាត់​ការ​អាច​នឹង​មាន​ការ​ជំទាស់(វេតូ) ពី​សំណាក់​រដ្ឋ​ណា​មួយនៃ​សមាជិក​អចិន្ត្រៃយ៍​​ទាំង​៥ (ចិន បារាំង រុស្ស៊ី​ ព្រះ​រាជាណាចក្រ​អង់គ្លេស និង​សហរដ្ឋ​អាមេរិក​)។

ច្បាប់​អន្តរ​ជាតិគឺ​ជា​ផ្នែក​ដោយ​ឡែក​មួយនៅ​ក្នុង​រចនា​សម្ព័ន្ធ​ទូ​ទៅ​នៃ​​ទំនាក់​ទំនង​អន្តរជាតិ​។ ក្នុង​ការ​ពិចារណា​អំពី​ស្ថានភាព​អន្តរជាតិ​ជាក់​លាក់​​ណា​មួយ​ជា​ទូ​ទៅ​រដ្ឋ​ត្រូវ​ពិចារណា​អំពី​ច្បាប់​​អន្តរជាតិ​ពាក់​ព័ន្ធ​។

វិធាន​នៃ​ច្បាប់​អន្តរជាតិកម្រ​​ត្រូវ​បាន​អនុវត្ត​ដោយ​មធ្យោបាយ​យោធា ឬ​ដោយ​ការ​ប្រើ​ប្រាស់​ទណ្ឌ​កម្ម​សេដ្ឋកិច្ច​ណាស់​។ប៉ុន្តែ រដ្ឋ​ដែល​រំលោភ​វិធាន​អន្តរជាតិអាច​បាត់​បង់​ការ​ជឿ​ជាក់ និង​​ទទួល​ការ​រើស​អើង​ក្នុង​ទំនាក់​ទំនង​ជា​មួយ​រដ្ឋ​ផ្សេង​ទៀត​៕

Image

ប្រភព​៖ Cambodian LegalResearch