ភ្នំពេញ៖ ឯកឧត្តម ប្រធាន ស.ស.យ.ក. នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០នេះ បានលើកឡើងថា «ក្នុងដំណើរវិវឌ្ឍន៍របស់ស.ស.យ.ក. ក្នុងរយៈពេល៧ឆ្នាំចុងក្រោយនេះ ក្រុមគ្រួសារស.ស.យ.ក. បានរួមចំណែកយ៉ាងសកម្ម ប្រកបដោយឆន្ទៈមោះមុត ក្នុងបុព្វហេតុសង្គមជាតិ ដែលសម្រេចបាននូវសមិទ្ធផលជាច្រើនលើគ្រប់វិស័យ ហើយបានធ្វើឲ្យមហាជនគាំទ្រ និងទទួលស្គាល់ជាបន្តបន្ទាប់។ សមាជិក សមាជិកា យើងបានបោះជំហានថ្មីមួយទៀត ចេញពីស្មារតី២ធ្នូដែលជាស្មារតីនៃការស្ម័គ្រចិត្ត ខិតខំ តស៊ូ ប្រឹងប្រែងរបស់បុព្វបុរសយើងដើម្បីសង្គមជាតិ។
ថ្ងៃនេះដើម្បីជាការថ្លែងអំណរគុណ ចំពោះសមាជិក សមាជិការបស់យើងគ្រប់ៗរូប ខ្ញុំមានមោទកភាព សូមប្រកាសបើកដំណើរការប្រព័ន្ធប័ណ្ណសមាជិកភាពស.ស.យ.ក. និងកម្មវិធីApp ស.ស.យ.ក. ជាផ្លូវការ។ ជាមួយប័ណ្ណសមាជិកភាពនេះ ក្រុមគ្រួសារស.ស.យ.ក. បានបង្ហាញយ៉ាងច្បាស់ពីមោទកភាព ចំពោះអតីតកាល និងសមិទ្ធផលរបស់ខ្លួននាពេលកន្លងមក និងបោះជំហានប្រកបដោយភាពមោះមុត ទៅកាន់អនាគតជាមួយទំនើបកម្មបច្ចេកវិទ្យា ជីវភាពបែបថ្មី ក្នុងបរិបទបដិវត្តន៍ឧស្សាហកម្មទី៤ និងអនាគតដ៏ភ្លឺស្វាងនិងប្រកបដោយក្តីសង្ឃឹមរបស់កម្ពុជា។
សូមក្រុមគ្រួសារស.ស.យ.ក. រីករាយជាមួយភាពសម្បូរបែបសម្រាប់ការប្រាស្រ័យទាក់ទង ក៏ដូចជាអត្ថប្រយោជន៍ជាច្រើន ហើយបងប្អូនមហាជនក៏អាចចុះឈ្មោះចូលជាសមាជិកតាមរយៈប្រព័ន្ធអនឡាញ បានឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់»។