សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

គោល​ការណ៍ ឬ​គោល​គំនិត​សំខាន់​ៗ​អំពី​ច្បាប់​ការងារ​គឺ​ជា​ផ្នែក​មួយ​ដែល​អ្ន​ក​មាន​ទំនាក់​ទំនង​​ការងារមិន​ថា​​ជា​បុគ្គលិក​ក្រុមហ៊ុនស្ថាប័ន​អង្គការ ឬ​អង្គភាព​ពាណិជ្ជកម្ម​​ផ្សេង​ៗក៏​អាច​ស្វែង​យល់​ជា​ជំនួយ​ស្មារតីនៅ​ក្នុង​ទំនាក់​ទំនង​ការងារ​។ តាម​រយៈ​គោល​ការណ៍​ធំ​ៗ​ពីរ​នៃ​ច្បាប់​ការងារ​លើក​ឡើង​ដោយ​ បណ្ឌិត ណុប កញ្ញា​រិទ្ធិ ​បាន​បង្ហាញ​សម្រាប់​​ប្រិយ​មិត្ត​អាច​ស្វែង​យល់​។ ហើយថ្ងៃនេះ ​​ក្រមា​ប៉ុស្ត៍​សូម​លើក​ឡើង​នូវ​គោល​ការណ៍​សំខាន់​ទី​១ ដូច​ខាង​ក្រោម​នេះ​៖

.គោល​ការណ៍​​ស្វ័យភាព​នៃ​បុគ្គល​ឯកជន

គោល​ការណ៍​​ស្វ័យ​ភាព​នៃ​បុគ្គល​ឯកជន ​គឺ​ជា​គោល​​​ការណ៍​មួយ​ក្នុង​ចំណោម​គោល​ការណ៍​​គ្រឹះ​​ផ្សេង​​ទៀតដែល​គ្រប់​គ្រង​ទំនាក់​ទំនង​នៃ​បុគ្គល​ឯក​ជន ហើយ​​ត្រូវ​បាន​កំណត់​នៅ​ក្នុង​ក្រម​រដ្ឋ​ប្ប​វេណី​នៃ​ព្រះ​រាជា​ណាច​ក្រ​កម្ពុជា​។ មាត្រា​៣ នៃ​ក្រម​រដ្ឋ​ប្បវេណី​ចែង​ថា៖"ក្រម​​នេះ​គោរ​ព​នូវ​សេរីភាព​ខាង​ឆន្ទៈ​របស់​បុគ្គលនិង​បញ្ញាត្តិ​អំពី​​ទំនាក់​ទំនង​គតិ​យុត្ត​ប្រកប​ដោយ​សមភាព​រវាង​បុគ្គល​ឯក​ជនដោយ​រួម​បញ្ចូល​ទាំង​នីតិ​បុគ្គល​។"

គោល​​ការណ៍​ស្វ័យ​ភាព​នៃ​បុគ្គល​​ឯក​ជន​នេះ នៅ​ពេល​អនុវត្ត​ចំពោះ​សកម្មភាព​នៃ​កិច្ច​សន្យា​វា​បាន​បង្កើត​ជា​គោល​ការណ៍​​សេរីភាព​នៃ​កិច្ច​សន្យា ហើយ​គោល​ការណ៍​​សេរីភាព​នៃ​កិច្ច​សន្យា​នេះ​ផង​ដែរក៏​បាន​ក្លាយ​ជា​គោល​ការណ៍​​គ្រឹះ​នៃ​កិច្ច​សន្យា​។ ជាក់​ស្តែង​ មាត្រា​៣១១បាន​​កំណត់​និយម​ន័យ​ពិសេស​នៃ​កិច្ច​សន្យា​ការងារដោយ​ផ្អែក​លើ​គោល​ការណ៍​ស្វ័យភាព​នៃ​បុគ្គល​ឯក​ជន​នេះ។ 

មាត្រា​៣១១ នៃ​ក្រម​រដ្ឋ​ប្បវេណី​បាន​កំណត់​ថា៖ ​"កិច្ច​សន្យា ​គឺ​ជា​កិរិយា​​ដែល​បុគ្គល​ពីរ​នាក់ឬ​ច្រើន​នាក់​មាន​ឆន្ទៈ​ត្រូវ​គ្នា​ព្រម​ព្រៀង​បង្កើតកែ​ប្រែ ឬ​រំលត់​​នូវ​កាតព្វ​កិច្ច។" 

ដោយ​ឡែក​ មាត្រា​៦៦៤​ នៃ​ក្រម​ដដែល​​ក៏​ចែង​ផង​ដែរ​ថា៖ កិច្ច​សន្យា​ការងារ​ត្រូវ​បាន​បង្កើត​​ឡើង​ដោយ​​ការ​សន្យា​របស់​ភាគី​ម្ខាង​ថា ធ្វើ​ពលកម្ម​​ឱ្យ​ភាគី​ម្ខាង​ទៀតហើយ​ភាគី​ម្ខាង​ទៀត​សន្យា​ថា​ផ្តល់​ប្រាក់​ឈ្នួល​ទៅ​លើ​កិច្ច​ការ​ពល​កម្ម​នោះ​ ដែល​បាន​សន្យា​ថា​ធ្វើ​ពលកម្មហៅ​ថា​កម្មករ​នយោជិត ឯ​ភាគី​ម្ខាង​ទៀត​នោះ​ហៅ​ថា​និយោជក។ 

មាត្រា​៦៥ ច្បាប់​ស្តី​ពី​ការងារ ​ចែងថា៖ កិច្ច​សន្យា​ការងារ គឺ​ជា​កិច្ច​សន្យា​ដែល​បង្កើត​​ឱ្យ​មាន​ទំនាក់​ទំនង​ផ្នែក​ការងារ​រវាង​កម្មករ​នយោជិត​និង​នយោជក​។ កិច្ច​សន្យា​នេះ​ ត្រូវ​នៅ​ក្រោម​វិធាន​អាជ្ញា​គតិ ហើយ​អាច​នឹង​ធ្វើ​ទៅ​តាម​ទម្រង់​ដែល​ភាគី​ទាំង​សង​ខាង​ព្រម​ព្រៀង​គ្នា​។

តាម​រយៈ​ការ​បង្ហាញ​អំពី​ក្រម​រដ្ឋ​ប្បវេណី​ និង​ច្បាប់​ស្តី​ពី​ការងារ​ដែល​ជា​ច្បាប់​គោល​ទាំង​ពីរ​ខាង​លើ​នេះយើង​ពិនិត្យ​ឃើញ និង​អាច​សន្និដ្ឋាន​ជា​រួម​​ថាអនុលោម​​តាម​គោល​ការណ៍​​ស្វ័យ​ភាព​នៃ​បុគ្គល​​ឯក​ជន ​ក៏​ដូច​ជា​គោល​ការណ៍​សេរីភាព​នៃ​កិច្ច​សន្យា​ទំនាក់​ទំនង​នៃ​បុគ្គល​ឯក​ជន ​កើត​ចេញ​ពី​ការ​បង្ហាញ​​ឆន្ទៈ​ដោយ​សេរី​របស់​បុគ្គល​ឯក​ជន​នោះ​។ ពោល​គឺ​នៅ​ក្នុង​​ទំនាក់​ទំនង​​​នៃ​កិច្ច​សន្យា​ការងារ បុគ្គល​មាន​សេរីភាព​មួយ​ចំនួន​ដែល​មាន​ជា​អាទ៍​៖

ទី​១ បុគ្គល​​មាន​សេរីភាព​ក្នុង​ការ​ចុះ ឬ​មិន​ចុះ​កិច្ច​សន្យា​ការងារ ពោល​គឺ​ច្បាប់​មិន​បាន​ចាប់​បង្ខំ​ឱ្យ​បុគ្គល​​ណា​ម្នាក់​ត្រូវ​តែ​ចុះ​កិច្ច​សន្យា​ការងារឬ​បង្កើត​កិច្ច​សន្យា​ការងារ​នោះ​ទេ។​

ទី​២ បុគ្គល​មាន​សេរីភាព​ជ្រើស​រើស​ភាគី​នៃ​កិច្ច​សន្យា ពោល​គឺ​កម្ម​ករ​និយោជិត​​មាន​សេរីភាព​ក្នុង​ការ​ចុះ​កិច្ច​សន្យា​ការងារ​ជា​មួយ​នឹង​សហគ្រាស​ដែល​ខ្លួន​ពេញ​ចិត្តដូច​គ្នា​នេះ​ដែរ​និយោជក​ក៏​មាន​សេរីភាព​ក្នុង​ការ​ជ្រើស​រើស​កម្មករ​និយោជិត​ឱ្យ​ចូល​មក​បំពេញ​ការងារ​ ឬ​បម្រើ​​ការងារ​ឱ្យ​សហគ្រាស​របស់​ខ្លួន​ផង​ដែរ។​

ទី​៣ បុគ្គល​​មាន​សេរីភាព​កំណត់​ពី​ខ្លឹម​សារ​នៃ​កិច្ច​សន្យា ពោល​គឺ​និយោជក​និង​កម្មករ​និយោជិត​មាន​សិទ្ធិ​កំណត់​ខ្លឹម​សារ​នៃ​ការ​ព្រម​ព្រៀង​របស់​ខ្លួន ឬ​ខ្លឹម​សារ​នៃ​កិច្ច​សន្យា​ការងារ ឬ​លក្ខខណ្ឌ​​ការងារ​នៅ​ក្នុង​កិច្ច​សន្យា​ការងារ​​របស់​ខ្លួន​និង​

ទី​៤ បុគ្គល​មាន​សេរីភាព​កំណត់​អំពី​ទម្រង់​នៃ​កិច្ច​សន្យា​របស់​ខ្លួន ពោល​គឺ​កិច្ច​សន្យា​ការងារ​អាច​ធ្វើ​ក្នុង​ទម្រង់​ជា​លាយ​លក្ខណ៍​អក្សរ​ក៏​បាន ឬ​ដោយ​ផ្ទាល់​មាត់​ក៏​បានជា​ទម្រង់​ឯក​ជន​ក៏​បាន ​ឬ​ជា​លិខិត​យថា​ភូត​ក៏​បានអាស្រ័យ​​លើ​ការ​ព្រម​ព្រៀង​របស់​កម្មករ​និយោជិត​ និង​និយោជក ដែល​ភាគី​នៅ​ក្នុង​កិច្ច​សន្យា​ការងារ៕