ខេត្តកណ្ដាល៖ ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម អនុប្រធានក្រុមការងារគណ:ពង្រឹងមូលដ្ឋានខេត្តកណ្តាល និងជាប្រធានគណ:ពង្រឹងមូលដ្ឋានស្រុកពញាឮ និងក្រុមការងារ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់ផ្លូវក្រាលកៅស៊ូមានប្រវែងជាង១០ គីឡូម៉ែត្រ ជូនដល់ប្រជាពលរដ្ឋក្នុងឃុំចំនួន ០៣ របស់ស្រុកពញាឮ រួមមានឃុំភ្នំបាតជ្រៃលាស់ និងឃុំឈ្វាំង នាព្រឹកថ្ងៃសៅរ៍ ទី ០៦ ខែមិថុនា ឆ្នាំ ២០២០ ។
ក្នុងពិធីប្រគល់ផ្លូវក្រាលកៅស៊ូ មានការចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់បងប្អូនប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវ ដោយពួកគាត់បានសំដែងនូវការរីករាយ សប្បាយចិត្តយ៉ាងខ្លាំង ក្នុងការទទួលបាននូវក្រាលកៅស៊ូដ៏ល្អស្អាតនេះ។
ក្នុងឱកាសជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនេះផងដែរ ឯកឧត្ដមរដ្ឋមន្ត្រី បានផ្តាំផ្ញើជូនពួកគាត់ឲ្យប្រកាន់ខ្ជាប់នូវអនាម័យចៀសវាងការប្រមូលផ្តុំគ្នា ដោយរួមគ្នាទប់ស្កាត់នូវជម្ងឺកូវីត-១៩ តាមការណែនាំរបស់រាជរដ្ឋាភិបាល ។ ការងារស្ថាបនាផ្លូវក្រាលកៅស៊ូនេះ បានអនុវត្តកាលពីថ្ងៃទី ០៧ខែមករា ឆ្នាំ ២០២០ និងបានរួចរាល់ជាស្ថាពរ និងប្រកាសដាក់ឲ្យដំណើរការនៅពេលនេះ ។


បន្ទាប់មកឯកឧត្តមរដ្ឋមន្រ្តី បានអញ្ជើញចុះពិនិត្យការសាងសង់ ស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកពញាឮ ដែលបានធ្វើការសាងសង់ តាំងពីថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២០គិតមកដល់ថ្ងៃនេះសម្រេចបានប្រមាណ ៦០ % ហើយ ។
សមិទ្ធផលទាំងអស់នេះកើតឡើងក្រោមការដឹកនាំប្រកបដោយបញ្ញាញាណនិងឧត្តមគតិដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ កាត់បន្ថយបាននូវភាពក្រីក្រនិងបច្ចុប្បន្នប្រជាពលរដ្ឋកម្ពុជាកំពុងរស់នៅ ក្នុងភាពសុខដុមរមនាក្រោមដំបូលសន្តិភាព៕

