ខេត្តព្រះសីហនុ៖ អភិបាលខេត្តព្រះសីហនុ បានចេញលិខិតជម្រាបជូន លោកអភិបាលនៃគណៈអភិបាលក្រុង ស្រុក ស្តីពី ការបង់ភាស៊ីបង់ថ្លៃជួលតូបរានស្តង់ព្រមទាំងកន្លែងលក់ដូរដទៃទៀត តាមការកំណត់នៅក្នុងសៀវភៅបន្ទុក និងបញ្ឈប់ការយកភាស៊ីរាល់ការលក់ដូរតាមកញ្ច្រែងកញ្ជើ ល្អីរបស់ប្រជាពលរដ្ឋ។
ក្នុងលិខិតខាងលើ បានបញ្ជាក់ថា ដើម្បីបង្ហាញឱ្យឃើញអំពីការយកចិត្តទុកដាក់ ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា រដ្ឋបាលខេត្តព្រះសីហនុ បានធ្វើការណែនាំដល់លោកអភិបាលនៃគណៈអភិបាលក្រុងស្រុក ត្រូវ៖
១.ណែនាំដល់ប្រធានផ្សារ អ្នកគ្រប់គ្រងផ្សារ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ឱ្យបញ្ឈប់ការយកភាស៊ី និងសេវាផ្សេងៗចំពោះប្រជាពលរដ្ឋលក់ដូរ តាមកញ្ច្រែង កញ្ជើ ល្អី និងត្រូវបង្កលក្ខណៈងាយស្រួល ដោយរៀបចំទីតាំងសមស្រប ដល់បងប្អូនប្រជាពលរដ្ឋ ដែលរកស៊ីលក់ដូរអីវ៉ាន់កំប៉ិកកំប៉ុកតាមកញ្ច្រែង កញ្ជើល្អី។
២.ណែនាំដល់ប្រធានផ្សារអ្នកគ្រប់គ្រងផ្សារ ត្រូវអនុវត្តការប្រូមូលចំនូលតាមរយៈការបង់ភាស៊ីនិងការបង់ថ្លៃជួលតូបរានស្តង់និងកន្លែងលក់ដូរដទៃទៀតតាមការកំណត់នៅក្នុងសៀវភៅបន្ទុក។
៣.ណែនាំដល់ប្រធានផ្សារអ្នកគ្រប់គ្រងផ្សារ ត្រូវលើកស្លាកតារាងតម្លៃភាស៊ីនៅតាមទីផ្សារក្នុងដែនសមត្ថកិច្ចរបស់ខ្លួន៕