សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

ប្រសិនបើអ្នកមានទម្លាប់ចូលគេងយប់ជ្រៅ សូមកែប្រែទម្លាប់នេះចោលទៅ ព្រោះវាអាចបង្កឱ្យមានគ្រោះថ្នាក់ជាច្រើនដល់សុខភាព។ អ្នកជំនាញបានឱ្យដឹងផងដែរថា របៀបនៃការគេងមានឥទ្ធិពលលើអ្វីគ្រប់យ៉ាង ដែលយើងធ្វើជាប្រចាំថ្ងៃ ប៉ុន្តែក៏មានការណែនាំចំពោះផលប៉ះពាល់ដែលគួរឱ្យខ្លាចទាំងនេះ ដែលបណ្ដាលមកពីការចូលគេងនៅពេលយប់ជ្រៅ។ ខាងក្រោមនេះនឹងបង្ហាញពីផលប៉ះពាល់ក្នុងការចូលគេងយប់ជ្រៅ។

១.សម្ពាធឈាមឡើងខ្ពស់៖ ការបាត់បង់ដំណេកធ្វើឱ្យរាងកាយ និងគំនិតរបស់អ្នកធុញធប់បណ្ដាលឱ្យសម្ពាធឈាមឡើងខ្ពស់។ ការគេងយប់ជ្រៅយូរៗទៅ បញ្ហាទាំងនេះអាចបំផ្លាញសរសៃឈាមបេះដូង តម្រងនោម និងថែមទាំងនាំឱ្យដាច់សរសៃឈាមខូរក្បាល បាត់បង់ចក្ខុវិស័យនឹងទទួលរងបញ្ហាសុខភាពជាច្រើនទៀត។

២.ជម្ងឺបាក់ទឹកចិត្ត៖​

 អ្នកស្រាវជ្រាវបានបង្ហាញឱ្យដឹងផងដែរថា ការចូលគេងនៅពេលយប់ជ្រៅជាមួយមនុស្សដែលមានជម្ងឺបាក់ទឹកចិត្តមានទំនាក់ទំនងជាមួយគ្នាទៅវិញទៅមក ព្រោះថាការដែលពួកគេចូលគេងនៅពេលយប់ជ្រៅទំនងជាទទួលរងនៅការបាក់ទឹកចិត្តធ្ងន់ធ្ងរជាងមនុស្សដែលគេងបានទៀងទាត់។ ប្រសិនបើមិនចង់ឱ្យជម្ងឺវិវត្តទៅជាធ្ងន់ធ្ងរទេ អ្នកគួរតែទៅជួបជាមួយគ្រូពេទ្យជំនាញដើម្បីធ្វើការព្យាបាល។

៣.មានប្រតិកម្មយឺត៖ ការគេងបានគ្រប់គ្រាន់របស់មនុស្ស ជាទូទៅមានរយៈពេលពេលពី៨-៩ម៉ោងក្នុងមួយថ្ងៃ។ យ៉ាងណាមិញនៅពេលដែលខួរក្បាលរបស់មនុស្សសម្រាកមិនបានល្អ វានឹងទទួលបានព័ត៌មានដំណើរការ និងឆ្លើយតប មិនបានលឿនដូចមនុស្សធម្មតានោះទេ។ វេជ្ជបណ្ឌិតបាននិយាយថា ការគេងយប់ជ្រៅធ្វើឱ្យខួរក្បាលរបស់យើង ធ្វើការយឺតទៅលើកិច្ចការអ្វីមួយជាងមនុស្សដែលគេងបានគ្រប់គ្រាន់។

៤.ស្ត្រេស៖ ការគេងមិនបានគ្រប់គ្រាន់ ធ្វើឱ្យរាងកាយបញ្ចេញអ័រម៉ូនស្ត្រេស។ មិនថាការចូលគេងរបស់អ្នកយឺតដោយសារ បង្ហើយការងារពីល្ងាច ឬក៏ជាប់មើលរឿងភាគនោះទេ អ្នកនឹងមានអារម្មណ៍មិនល្អ ឆាប់ម៉ួម៉ៅ គ្មានកម្លាំងកំហែងនៅព្រឹកថ្ងៃបន្ទាប់មិនខា​ន។

៥.រដូវមកមិនទៀង៖ ចំពោះស្ត្រីការគេងនៅយប់ជ្រៅអាចបណ្ដាលឱ្យរដូវប្រចាំខែរបស់ស្ត្រីមិនទៀងទាត់ មកច្រើនឬក៏តិចជាងមុន ហើយអាចមានអាការៈឈឺពោះខ្លាំងទៀតផង ជាពិសេសស្បែករបស់អ្នកនឹងប្រែជាស្រអាប់មិនភ្លឺថ្លានោះទេ។ មួយវិញទៀតអ្នកនឹងមានឱកាសក្នុងការកើតជម្ងឺផ្សេងៗជាងស្ត្រីដែលមានការគេងបានគ្រប់គ្រាន់ជារៀងរាល់ថ្ងៃ។ ពេលខ្លះមុខរបស់អ្នកអាចនឹងមានការកើតមុន ភ្នែកក្រហម ឈាមច្រមុះជាដើមប្រសិនបើ ករីណធ្ងន់ធ្ងរ។

សរុបមកការចូលគេងនៅពេលយប់ជ្រៅពេក វាមិនបានបង្កជាប្រយោជន៍អ្វីសោះឡើយ ដល់បងប្អូនទាំងអស់គ្នា។ ប៉ុន្តែគឺមានតែបំផ្លាញទៅដល់សុខភាព ការរស់នៅប្រចាំថ្ងៃទៅវិញទេ ដូច្នេះហើយអ្នកទាំងអស់គ្នាគួរប្ដូរនៅទម្លាប់គេងយប់ជ្រៅជាប្រចាំថ្ងៃ មកវិញដោយការចូលគេងបានគ្រប់គ្រាន់ ដើម្បីថែរក្សាសុខភាព ក៏ដូចជាសម្រស់ផងដែរ៕

\