Image

ដើម្បីឲ្យក្រុមការងារមួយទទួលបានសមត្ថភាពអនុវត្តការងារប្រកបដោយភាពរលូននិងប្រសិទ្ធិភាព ចំណុចរួមមួយចំនួនជាបទពិសោធ ត្រូវបានលើកឡើង។ ចំណុចទាំងនេះលោកអ្នកអាចពិចារណា ដើម្បីអនុវត្តបង្កើនសមត្ថភាពក្រុមការងារអ្នកឲ្យបានប្រសើរ៖

. វិនិយោគទៅលើចំណេះដឹង

ការបណ្តុះបណ្តាលទៅដល់សមាជិកឬបុគ្គលិកក្រោមបង្គាប់ ជាចំណុចមួយមិនគួរមើលរំលង។ ដោយហេតុថា សមាជិក ឬបុគ្គលិកនីមួយៗគឺជាកម្លាំងចលករដ៏សំខាន់សម្រាប់ក្រុម ឬស្ថាប័ន ដូចនេះការបណ្តុះបណ្តាលមិនថាជាចំណេះដឹងជំនាញ គួរតែផ្តល់ទៅដល់ពួកគេដើម្បីទទួលបាននូវក្រុមការងារមួយដ៏មានប្រសិទ្ធិភាព។

. បច្ចេកវិទ្យាទំនាក់ទំនង

ការអនុវត្តបច្ចេកវិទ្យានៅក្នុងក្រុមការងារមិនថាសារទំនាក់ទំនង តារាងពេលវេលា កម្មវិធីប្រជុំ នឹងផ្តល់នូវការចំណេញពេលវេលាប្រមូលផ្តុំគំនិត បង្កើតទំនាក់ទំនង។ អ្នកអាចសាកល្បងនូវកម្មវិធីបច្ចេកវិទ្យាថ្មីៗដើម្បីដឹងថាកម្មវិធីណាមួយដែលស័ក្តិសមនឹងក្រុមការងារអ្នកប្រើប្រាស់ ក្នុងទិសដៅសម្រួលការងារនោះ។

. ភាពសកម្ម

ការដឹកនាំឲ្យក្រុមការងារមួយសកម្ម នឹងទទួលបានផលវិជ្ជមានច្រើន។ផលវិជ្ជមាននោះដោយហេតុថា វាបានលើកទឹកចិត្តក្រុមការងារ និងទម្លាប់សមាជិកទាំងអស់មិនឲ្យខ្ជិលច្រអូសឬមើលរំលងទុកចោលការងារជាដើម។ លើសពីនេះ អ្នកក៏អាចស្វែងយល់ថា ការកៀកថ្ងៃកំណត់ ផែនការមិនច្បាស់លាស់ការមិនសូវរវីរវល់ប្រជុំណែនាំផ្តល់ការងារ នោះក្រុមការងារមួយនឹងបាត់បង់ទម្លាប់ល្អរហូតក្លាយជាភាពអសកម្ម ដែលប៉ះពាល់ទៅដល់ប្រសិទ្ធិការងារ។

.ចៀសវាងព័ត៌មានឬទិន្នន័យមិនបានគ្រប់ជ្រុង

ចំណុចនេះគឺចង់សម្តៅទៅលើការផ្តល់ព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយច្បាស់លាស់ និងងាយស្រួលយល់ទៅដល់សមាជិកនីមួយៗ ពោលគឺដើម្បីចៀសវាង ការយល់ច្រលំដែលបង្កើតឲ្យមានកំហុស។ ដូច្នេះដើម្បីចៀសវាងពីបញ្ហានេះ គឺយើងត្រូវចេះបើកបរិយាកាសពិភាក្សាក្នុងក្រុមដោយចែករំលែកគំនិត ឬព័ត៌មានឲ្យបានល្អ។

. មានពេលកម្សាន្តខ្លះសម្រាប់ក្រុមការងារ

ការទំនាក់ទំនងក្រៅផ្លូវការក៏ជាចំណែកមួយក្នុងផលវិជ្ជមានសម្រាប់ក្រុមការងារផងដែរ។ដោយសារវាបង្កភាពងាយស្រួលក្នុងការជជែកពិភាក្សាដោយបើកចំហ។ ដូចនេះ ការមានពេលខ្លះសម្រាប់បង្កើតបរិយាកាសក្រៅផ្លូវការដូចនេះគឺជារឿងល្អមួយ។ មិនថាការញ៉ាំអាហារជុំគ្នា ឬមួយការរៀបចំធ្វើជាដំណើរកម្សាន្តណាមួយនឹងផ្តល់ប្រយោជន៍ច្រើនក្នុងការឲ្យសមាជិកក្រុមនីមួយៗបង្កើនភាពស្និទ្ធិស្នាល សាមគ្គីភាពនិងទំនាក់ទំនងល្អ ដែលសុទ្ធសឹងជាការចូលរួមចំណែកប្រសិទ្ធិភាពការងារក្រុមដែលយើងមិនគួរមើលរំលង៕

ប្រភព៖ Unsplash