Image

ការបង្កើតក្រុមការងារមួយដែលមានចម្រុះភេទប្រុសភេទស្រី គឺនឹងអាចសម្រេចកិច្ចការ​នានាបានដោយប្រសិទ្ធិភាពខ្ពស់ នេះបើតាមការសិក្សាដែលបានធ្វើឡើងនៅសហរដ្ឋអាមេរិក។

ការសិក្សាធ្វើឡើងដោយសាកលវិទ្យាល័យ George Washington ទៅលើនិស្សិតផ្នែកគ្រប់គ្រងប្រមាណជាង៣០០នាក់ត្រូវបានបែងចែកជាក្រុមៗដោយចៃដន្យសម្រាប់បំពេញកិច្ចការងារមួយចំនួនដូចៗគ្នា។ ក្នុងនោះមានក្រុមខ្លះមានចំនួនសមាជិកជានិស្សិតស្រីច្រើនជាង និងក្រុមខ្លះមានចំនួនសមាជិកជានិស្សិតប្រុសច្រើនជាងនិងក្រុមឯទៀតមានចំនួនសមាជិកនិស្សិតប្រុស និងស្រីស្មើគ្នា។ សម្រាប់លទ្ធផលតាមដានទៅលើការងារគេកត់សម្គាល់ឃើញថា ក្រុមដែលមានសមាជិកនិស្សិតប្រុស-ស្រីស្មើគ្នាគឺមានប្រសិទ្ធិភាពទៅលើកិច្ចការងារខ្ពស់ជាងគេបើធៀបនឹងក្រុមដែលចំនួនសមាជិកនិស្សិតប្រុសច្រើនជាង ឬក្រុមដែលមានចំនួនសមាជិកនិស្សិតស្រីច្រើនជាង។

ទៅលើករណីនោះ លោកស្រីបណ្ឌិត Kaitlin Thomas អ្នកជំនាញផ្នែកអនុវត្តចិត្តវិទ្យាលើបរិស្ថានការងារក្នុងវិស័យឧស្សាហកម្មនិងអង្គភាព និងជាអ្នកដឹកនាំការស្រាវជ្រាវ បានលើកឡើងថា៖ “ពួកយើងបានពិនិត្យទៅលើកត្តាភេទនៅក្នុងក្រុមដែលវាមានឥទ្ធិពលទៅចំណុចសំខាន់ៗសម្រាប់ក្រុមក្នុងការទទួលជោគជ័យ ដោយក្នុងនោះរួមមានទំនុកចិត្ត ការយល់ចិត្ត ទំនាក់ទំនង…”។

ការពន្យល់បន្ថែមទៀតនោះ លោកស្រីបណ្ឌិត Kaitlin ដដែលបានលើកឡើងថា មនុស្សស្រីច្រើនមានទំនាក់ទំនងល្អជាងមនុស្សប្រុសហើយពិសេសទៅទៀតនោះមនុស្សស្រីអាចគ្រប់គ្រងភាពស្រ្តែសបានល្អជាងមនុស្សប្រុស ដូច្នេះភាពចម្រុះនៃសមាជិកប្រុស-ស្រី នៅក្នុងក្រុមពិតជាមានផលវិជ្ជមានច្រើននៅក្នុងក្រុម Teamwork មួយ សម្រាប់បំពេញការងារមានប្រសិទ្ធិភាពដល់ស្ថាប័ន អង្គភាពផ្សេងៗ៕

ប្រភព៖ Businessnewsdaily