ខេត្តបាត់ដំបង៖ គម្រោងទំនប់សាលាតាអន ស្ថិតក្នុងស្រុកឯកភ្នំ និងស្រុកសង្កែ ខេត្តបាត់ដំបង នឹងបញ្ចប់ការសាងសង់តាមផែនការកំណត់ ក្នុងខែកញ្ញា ២០២១នេះ បើតាមការលើកឡើងរបស់ឯកឧត្តម ប៉ុញសច្ចៈ រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម។
ក្នុងកិច្ចប្រជុំជាមួយ ទីប្រឹក្សាបច្ចេសទេសកូរ៉េ ក្រុមហ៊ុន Yooshin និង K-water ដើម្បីពិនិត្យពី វឌ្ឍនភាពនៃការសាងសង់គម្រោងអភិវឌ្ឍន៍ ទំនប់សាលាតាអន ដែលអនុវត្តការសាងសង់ដោយ ក្រុមហ៊ុនកូរ៉េ SDAG JV New Millennium ឯកឧត្តម ប៉ុញ សច្ចៈ បានធ្វើការកែសម្រួលផ្នែកបច្ចេកទេស ដែលនៅមានការខ្វះចន្លោះខ្លះៗ និងជម្រុញល្បឿននៃការ សាងសង់បន្ថែមទៀតឲ្យបញ្ចប់ទៅតាមផែនការ គ្រោងទុកនៅក្នុងខែកញ្ញា ឆ្នាំ២០២១នេះ ។
ហេដ្ឋារចនាសម្ពន្ធ័រូបវន្តនៃគម្រោង ទំនប់សាលាតាអននេះរួមមាន ៖ ការសាងសង់សំណង់មេស្ទាក់ទឹកស្ទឹងសង្កែ ០១កន្លែង(Barrage) ទទឹងប្រវែង ៧៥ម ប្រឡាយមេបេតុង ០៤ខ្សែ ប្រវែងសរុប ១៧,៧៧ គម និងសំណង់សិល្បៈការមានដូចជា ៖ សំណង់ក្បាលហុង MC Intake Structure) ០៣កន្លែង សំណង់ស្ទាក់ទឹក (Regulator) ចំនួន ១០កន្លែង សំណង់ចែកទឹក (MC outlet Structure) ចំនួន ៣២កន្លែង ស្ពានបេតុង និងស្ពានដែកឆ្លងកាត់ប្រឡាយចំនួន ១៧កន្លែង។
ឯកឧត្តម ប៉ុញសច្ចៈ ក៏បានបញ្ជាក់ដែរថា ប្រព័ន្ធនេះបន្ទាប់ពីសាងសង់រួចមានសក្តានុពល ស្រោចស្រពស្រូវរដូវវស្សាចំនួន ១១,០០០ហិកតា និងរដូវប្រាំង៤,០០០ហិកតា ព្រមទាំងជាទីតាំងតម្កល់ទឹកសម្រាប់ផ្គត់ផ្គង់ទឹកស្អាត ដ៏មានសារៈសំខាន់មួយសម្រាប់ទីក្រុងបាត់ដំបង និងបានកែលម្អសោភ័ណភាពស្ទឹងសង្កែ ដែលនឹងក្លាយជាតំបន់ទេសចរណ៍ដ៏មានសក្តានុពលមួយផងដែរ ៕