រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីប្រកាសព័ត៌ ដោយបង្ហាញថា ចាប់ពីខែធ្នូ ឆ្នាំ២០២១ ដល់ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក បាតុភូតឡានីណា La Nina (ត្រជាក់) មានប្រមាណ៩០% និងថយបន្តិចម្តងៗ មកនៅត្រឹម៦០% នៅខែកុម្ភៈ។ ស្ថានភាពបែបនេះ នឹងធ្វើឲ្យធាតុអាកាសត្រជាក់នៅតំបន់ស៊ីបេរី រុញច្រានទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិនចុះមកក្រោម និងគ្របដណ្តប់មកលើកម្ពុជា។ 

លក្ខណៈបែបនេះ នឹងធ្វើឲ្យកម្ពុជា ក្នុងរដូវរំហើយខាងមុខនេះ ( ខែធ្នូ ឆ្នាំ២០២១-ខែកុម្ភៈ ឆ្នាំ ២០២២) ស្ថានភាពធាតុអាកាស នឹងចុះត្រជាក់ ដូចខាងក្រោម ៖

១៖ ធាតុអាកាស នឹងចាប់ផ្តើមចុះត្រជាក់លើកទី១ ដោយចាប់ពីសប្តាហ៍ទី១ ខែធ្នូ ដល់សប្តាហ៍ទី៣ ខែធ្នូ ឆ្នាំ២០២១ ។ នៅក្នុងអំឡុងពេលនោះ មានថ្ងៃខ្លះធាតុអាកាស អាចនឹងចុះត្រជាក់ ក្នុងកម្រិតពីមធ្យមទៅបង្គួរ ក្នុងនោះមាន ៖

  • បណ្តាខេត្តនៅភាគខាងលើ ក្នុងភូមិសាស្ត្រតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសានសីតុណ្ហភាពអប្បបរមា នឹងធ្លាក់ចុះមកនៅក្នុងរង្វង់ពី ១៧°C ទៅ១៩°C ។
  • បណ្តារាជធានី ខេត្តដទៃទៀត សីតុណ្ហភាពអប្បបរមាក្នុងរង្វង់ពី ១៩°C ទៅ២១°C។

២៖ ធាតុអាកាសនឹងចុះត្រជាក់លើកទី២ ដោយចាប់ពីសប្តាហ៍ទី៤ ខែធ្នូ ឆ្នាំ២០២១ ដល់ខែកុម្ភៈ ឆ្នាំ២០២២ ។ ក្នុងអំឡុងពេលនោះ មានថ្ងៃខ្លះធាតុអាកាស អាចនឹងចុះត្រជាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរជាប់ៗគ្នាច្រើនថ្ងៃ ក្នុងនោះមាន៖

  • បណ្តាខេត្តនៅភាគខាងលើ ក្នុងភូមិសាស្រ្តជាប់តំបន់ភ្នំ និងតំបន់ខ្ពង់រាបភាគឦសានសីតុណ្ហភាពអប្បបរមា អាចនឹងធ្លាក់ចុះមកនៅក្នុងរង្វង់ពី ១៥°C ទៅ ១៧°C។
  • បណ្តារាជធានី ខេត្តដទៃទៀត សីតុណ្ហភាពអប្បបរមាក្នុងរង្វង់ពី ១៨°C ទៅ២០°C៕