ភ្នំពេញ៖ អ្នកជំនាញបានណែនាំដល់អ្នកដែលមានបំណងទិញអចលនវត្ថុទាំងអស់ ត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះការអូសទាញ ឱ្យទិញអចលនវត្ថុនៅទីតាំង ឬតំបន់ណាមួយដោយពុំបានសិក្សា និងសាកសួរព័ត៌មានឱ្យបានច្បាស់ពីអ្នកជំនាញ ដែលអាចបណ្តាលឱ្យមានការជាប់គាំងលំហូរសាច់ប្រាក់ និងមានហានិភ័យខ្ពស់។
នាយិការក្រុមហ៊ុនភ្នាក់ងារ KAT Appraisal លោកស្រី ចេវ សុឃុន បានឱ្យដឹងថា ការទិញ-លក់អចលនវត្ថុ ដែលអាចធានាបាននូវចរន្តសាច់ប្រាក់ល្អ ឬអាចទទួលបាននូវប្រាក់ចំណេញពីការវិនិយោគបន្តនោះ ត្រូវមានគោលបំណងច្បាស់លាស់ និងមានភាពច្បាស់លាស់ទៅលើទំហំ និងប្រភេទអចលនវត្ថុដែលមានទីផ្សារទើបការទិញលក់ទទួលបានប្រាក់ចំណេញ។
លោកស្រីបន្តថា៖ “ប្រសិនបើការទិញរបស់លោកអ្នក ធ្វើឡើងតាមរយៈការអូសទាញ ទិញដោយខ្វះព័ត៌មានច្បាស់លាស់ វានឹងអាចធ្វើឱ្យលំហូរសាច់ប្រាក់របស់អ្នកជាប់គាំង និងមានហានិភ័យនៅពេលខាងមុខ”។
អ្នកជំនាញរូបនេះពន្យល់ទៀតថា បើទិញអចលនវត្ថុតាមកាអូសទាញរបស់មិត្តភក្តិ ឬតាមបណ្តាញ ដោយមានការអ៊ួតអាងថាទិញវាចំណេញ ហើយខ្វះព័ត៌មានលំអិត នៅពេលដែលទិញរួចរាល់ ហើយមិនដូចគេប្រាប់នឹងធ្វើមានការជាប់គាំងនូវលំហូរសាច់ប្រាក់ ហើយបើខ្ចីលុយគេថែមទៀតវាអាចនឹងបណ្តាលឱ្យមានការខាតបង់កាន់តែច្រើន។
លោកស្រីបន្តទៀតថា អ្នកដែលទិញសម្រាប់វិនិយោគបន្តគឺទិញមិនទុកយូនោះទេ យ៉ាងហោចណាស់ទុកក្នុងរយៈពេល ២ ឬ ៣ ខែ ហើយលក់វិញទើបបានផលចំណេញ តែបើទិញហើយទុកក្នុងរយៈពេលយូរនឹងអាចធ្វើឱ្យខាតបង់កាន់តែច្រើនតាមរយៈការបង់ការប្រាក់ទៅធនាគារជាដើម។
ជាមួយគ្នានេះ លោកស្រីក៏បានអំពាវនាវដល់អ្នកដែលមានបំណងទិញអចលនវត្ថុសម្រាប់វិនិយោគបន្តទាំងអស់ត្រូវទាមទារឱ្យមានការសិក្សា និងប្រមូលព័ត៌មានឱ្យបានច្បាស់លាស់គ្រប់ជ្រុងជ្រោយ ជាពិសេសប្រឹក្សាជាអ្នកជំនាញដែលមានក្រមសីលធម៌ និងស្របច្បាប់មានអាជ្ញាប័ណ្ណត្រឹមត្រូវ ដើម្បីបានដឹងច្បាស់ពីតំបន់ដែលគ្រោងទិញនោះមានការអភិវឌ្ឍន៍បែបណា និងមានទីផ្សារដូចម្ដេច ទើបមិនផុងខ្លួន ហើយអាចគេចផុតពីខាតបង់ថវិកាទៅតាមការអូសទាញរបស់អ្នកលក់៕