ភ្នំពេញ៖ អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យកម្ពុជាបានធ្វើការព្យាករណ៍ថា វិស័យអចលនទ្រព្យកម្ពុជា អាចនឹងបន្តរីកចំរើនទៅមុខទៀត ប៉ុន្តែត្រូវការពេលវលាបន្ថែមបន្តិចទៀត ក្រោមការជួយជ្រោមជ្រែង ដោយសាររដ្ឋាភិបាលដែលមានគោលនយោបាយគាំទ្រលើវិស័យនេះ ដែលជាផ្នែកមួយក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានឱ្យដឹងថា ក្រៅពីនេះប្រព័ន្ធហិរញ្ញវត្ថុដែលមានលំនឹងនៅក្នុងស្ថានភាពប្រឈមនឹងវិបត្តិសេដ្ឋកិច្ចក្នុងរយៈពេល១ឆ្នាំកន្លងទៅនេះ កម្ពុជាក៏ត្រូវបានគ្រប់គ្រងបានល្អ និងផ្តល់ទៅឱ្យការអភិវឌ្ឍន៍ និងការទិញលក់លើវិស័យអចលនទ្រព្យកាន់តែមានទំហំធំ។ 

លោកបានបន្តថា “ទីផ្សារនៃវិស័យអលចនទ្រព្យកម្ពុជានៅក្នុងអំឡុងនៃការផ្ទុះនូវជំងឺកូវីដនេះ គឺមានការធ្លាក់ចុះនៃចំនួនវិនិយោគ និងអភវឌ្ឍគម្រោងសំណង់ធំៗដែលមានទុនវិនិយោគច្រើនលានដុល្លារ ដោយសារមិនមានវិនិយោគិនបរទេសចូលមក ប៉ុន្តែសម្រាប់សកម្មភាពនៃការទិញលក់អចលនវត្ថុដូចជាដីធ្លី លំនៅដ្ឋានដែលមានតម្លៃក្រោម១០ម៉ឺនដុល្លាររបស់ប្រជាពលរដ្ឋនៅក្នុងស្រុកនៅតែបន្តសកម្មភាពរបស់ខ្លួនធម្មតា”។

លោកស្រី អាន សុធិតា នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia  បានឱ្យដឹងដែរថា វិស័យអចលនទ្រព្យនៅកម្ពុជា គឺត្រូវពឹងផ្អែកមួយភាគធំទៅលើវត្តមានក្រុមហ៊ុនវិនិយោគមកពីក្រៅស្រុក ជាពិសេសប្រទេសនៅក្នុងតំបន់ ដូចជាកូរ៉េ ហុងកុង ជប៉ុន សឹង្ហបុរី ជាពិសេសប្រទេសចិនដែលស្ថិតនៅលេខរៀងកំពូលលើការវិនិយោគនៅកម្ពុជា។

លោកស្រីបញ្ជាក់ថា សម្រាប់ទីផ្សារមួយនេះ ចាំបាច់ត្រូវការពេលវេលាយ៉ាងហោចណាស់មួយឆ្នាំ ឬលើសពីនេះ បើទោះជាថ្នាំបង្ការត្រូវបានបណ្តាប្រទេសជឿនលឿនមួយចំនួនអះអាងថាបានរកឃើញក៏ដោយ។ លោកស្រីបន្តថា មុនពេលអ្នកវិនិយោគអន្តរជាតិទាំងនោះចូលមកកម្ពុជា ទាល់តែស្ថានភាពសេដ្ឋកិច្ចនៅក្នុងប្រទេសរបស់គេមានភាពល្អប្រសើរជាមុនសិន។ នៅពេលសេដ្ឋកិច្ចពិភពលោកទាំងមូលចាប់ផ្តើមមានសញ្ញាវិជ្ជមានឡើងវិញ នោះកំណើននៃការវិនិយោគ និងគម្រោងអភិវឌ្ឍន៍នានានៅក្នុងវិស័យសំណង់ និងអចលនទ្រព្យកម្ពុជានឹងចាប់ផ្តើមមានឡើងវិញខណៈដែលវត្តមាននៃក្រុមហ៊ុនអន្តរជាតិវិលមករកទីផ្សារកម្ពុជាសាជាថ្មី៕