ភ្នំពេញ៖ ខណៈពេលដែលទីផ្សារដីធ្លីនៅតាមបណ្តាខណ្ឌជាច្រើន ក្នុងរាជធានីភ្នំពេញកំពុងជួបភាពជាប់គាំងហើយមានម្ចាស់ដីមួយចំនួនប្រកាសដាក់លក់ក្នុងតម្លៃក្រោមទីផ្សារ នោះសម្រាប់តែខណ្ឌដង្កោ នៅតែអាចរក្សាបាននូវប្រជាប្រិយភាព និងមានតម្រូវការខ្ពស់ខណៈដែលតម្លៃក៏បន្តឡើងថ្លៃមួយកម្រិត។
តាមរយៈការសិក្សាលម្អិតរបស់ក្រុមហ៊ុន KEY Real Estate កាលពីពេលកន្លងទៅនេះបានឲ្យដឹងថា បច្ចុប្បន្នភាពនៃតម្លៃដីនៅទូទាំងរាជធានីភ្នំពេញ នៅតែបន្តមានកំណើន ប៉ុន្តែស្ថិតក្នុងអត្រាតិចតួចក្នុងរង្វង់ប្រមាណ 1.9ភាគរយ ប៉ុន្តែក្នុងនោះខណ្ឌដង្កោ នៅតែជាគោលដៅរបស់អ្នកវិនិយោគ និងអភិវឌ្ឍន៍ដដែលដោយសារតែវិសាលភាពដីទំនេរនៅមានច្រើន ជាពិសេសគម្រោងអភិវឌ្ឍន៍របស់រដ្ឋនិងវិស័យឯកជនជាច្រើនកំពុងបង្ហាញខ្លួនតំបន់នេះ។
លោក សន សៀប ស្ថាបនិក និងជានាយកគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យ KEY Real Estate បានមានប្រសាសន៍ថា ស្ថានភាពទូទៅនៃតម្លៃដីធ្លីនៅក្នុងក្រុងភ្នំពេញពិតជាមានកំណើន ប៉ុន្តែកម្រិតនៃអត្រាតម្លៃឡើងថ្លៃនេះមានមិនស្មើគ្នានោះទេ។
លោកបញ្ជាក់ថា៖ «ក្នុងចំណោមខណ្ឌទាំង14នៃរាជធានីភ្នំពេញ តំបន់ដែលមានសក្ដានុពលនិងអំណោយផលដល់ការវិនិយោគ អភិវឌ្ឍន៍ក្នុងវិស័យអចលនទ្រព្យមានចំនួន5ខណ្ឌ ហើយតម្លៃដីនៅក្នុងទាំងនោះក៏មានកំណើនផងដែរ។ ក្នុងចំណោមខណ្ឌទាំង5 ដែលលេចធ្លោគេសង្កេតឃើញខណ្ឌដង្កោបានឈានមុខគេ»។
លោកបន្តថា៖ « ដង្កោគឺជាខ័ណ្ឌមួយដែលមានអំណោយផលទាំងការវិនិយោគ និងការអភិវឌ្ឍន៍ដែលបានចូលរួមរុញច្រានកំណើនតម្លៃដីនៅទីក្រុងភ្នំពេញទាំងមូលបានរហូតទៅដល់ 1.9ភាគរយ ដែលគិតជាមធ្យមស្ថិតក្នុងចន្លោះពី ២,០០០ដុល្លា ទៅ ២,១០០ដុល្លាក្នុងមួយម៉ែត្រការ៉េ។ នេះជាកំណើនមួយដែលលើសពីការរំពឹងទុក ក្រោមហេតុផលនៃការរីករាលដាលជំងឺកូវីដ-១៩ក្នុងរយៈពេលជាងមួយឆ្នាំមកនេះ»។
យ៉ាងណាក៏ដោយអ្នកជំនាញផ្នែកសិក្សាស្រាវជ្រាវទីផ្សារអចលនទ្រព្យរូបនេះ បានបង្ហាញពីជំនឿយ៉ាងមុតមាំថា នៅឆ្នាំបន្ទាប់នេះទាំងតម្លៃ ទាំងតម្រូវការទីផ្សារដីធ្លីនឹងបន្តកើនឡើងខ្លាំង ខណៈដែលបច្ចុប្បន្ននេះគម្រោងអភិវឌ្ឍន៍ធំៗដែលមានតម្លៃសរុបរាប់ពាន់លានដុល្លារ កំពុងបន្តសកម្មភាពសាងសង់បន្ថែមពីលើគម្រោងអភិវឌ្ឍន៍សំណង់លំនៅដ្ឋានរាប់សិបគម្រោងទៀត កំពុងបង្ហាញរូបរាងនៅតាមដងផ្លូវសំខាន់ៗជាពិសេសផ្លូវក្រវាត់ក្រុងទី៣ ដែលនឹងមានសកម្មភាពចរាចរណ៍យ៉ាងមមាញឹកនៅឆ្នាំបន្ទាប់ខងមុខនេះ៕