រហូតមកដល់ពេលនេះ នៅពេលនិយាយពីវិស័យសហគ្រាសធុនតូច និងមធ្យមឬវិស័យ SME គេតែងនឹកដល់ផលវិបាក ដែលបណ្តាលមកពីវិបត្តិកូវីដ រហូតមានម្ចាស់អាជីវកម្មខ្លះក្ស័យទុន ហើយក៏មានអ្នកខ្លះអាចមានលទ្ធភាពទប់ទល់និងមានលំនឹងអាជីវកម្មរបស់ខ្លួនទាំងលំបាក។ យ៉ាងណាក៏ដោយ វិធីសាស្ត្រក្នុងការរំដោះខ្លួន ពីផលប៉ះពាល់និងយុទ្ធវិធីក្នុងការបន្តអាជីវកម្មនៅតែជាប្រធានបទដ៏សំខាន់។
លោក លឹម សុជាតិ ដែលជាអ្នកជំនាញអាជីវកម្ម និងជាសហប្រធានអនុក្រុមការងារនៃក្រុមការងារបច្ចេកទេសទី២ ផ្នែកឯកជននៃសភាពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍ថា នៅក្នុងបរិថទនៃសម័យកាលកូវីដរយៈពេលជិត២ឆ្នាំកន្លងទៅនេះ អាជីវកម្មស្ទើរទាំងអស់សុទ្ធតែទទួលរងនូងផលប៉ះពាល់ ពោលគឺមានតែអាជីវកម្មមួយចំនួនប៉ុណ្ណោះដែលអាចឆក់យកឱកាសដ៏លំបាកនេះស្វែងរកប្រាក់ចំណូលបានច្រើន។
លោកបានបន្តថា នៅពេលនិយាយពីផលប៉ះពាល់ គឺតែងទាមទាររកដំណោះស្រាយណាមួយដែលអាចសង្គ្រោះ និងរំដោះអាជីវកម្មពីផលលំបាក។ ប៉ុន្តែឈានចូលមកដល់ដំណាក់កាលនេះ ម្ចាស់អាជីវកម្មដែលអាចទប់លំនឹងបាន មិនដួលរលំគឺមានន័យថា ជាអាជីវកម្មដែលខ្លាំង និងទទួលបានបទពិសោធន៍អាជីវកម្មកាន់តែច្រើនហើយកំពុងរិះរកវិធីសាស្ត្រណាដែលអាចបន្តអាជីវកម្មរបស់ខ្លួនទៅមុខទៀត។
លោក លឹម សុជាតិ បានបញ្ជាក់ថា៖«នៅក្នុងដំណាក់កាលនេះ ម្ចាស់អាជីវកម្មដែលកំពុងបន្តដំណើរការត្រូវតែមានការត្រៀមខ្លួនឲ្យរួចជាស្រេច ក្នុងការអនុវត្តរួមមានផែនការអាជីវកម្មបន្ទាប់ ដែលនឹងត្រូវធ្វើក្រោយពេលវិបត្តិកូវីដត្រូវបានទប់ស្កាត់ជោគជ័យនៅពេលខាងមុខនេះ ខណៈដែលអត្រានៃចំនួនអ្នកដែលបានចាក់វ៉ាក់សាំងនៅកម្ពុជាអាចសម្រេចបានមុនផែនការ»។
លោកបានបន្តថា ៖ «ក្រៅពីមានថវិកា ដែលជាដើមទុនត្រៀមម្ចាស់អាជីវកម្មត្រូវមានផែនការអាជីវកម្មរយៈពេលខ្លីសម្រាប់អនុវត្តនៅពេលមានការបើកទូលាយឡើងវិញ ពីសំណាក់រាជរដ្ឋាភិបាលដែលអនុញ្ញាតឲ្យអាជីវកម្មគ្រប់ប្រភេទដំណើរការឡើងវិញក៏ដូចជាបើកសេដ្ឋកិច្ចប្រទេសទាំងមូល។ បន្ថែមពីនេះ ម្ចាស់អាជីវកម្ម ត្រូវចុះតាមដាននិងអនុវត្តការងារដោយផ្ទាល់ ដើម្បីអាចជួយពង្រឹងអាជីវកម្មរបស់ខ្លួន។ ដោយឡែកសម្រាប់អ្នកដែលមិនមានលុយជាដើមទុនសម្រាប់ត្រៀមបម្រុង ក៏ត្រូវពិចារណាស្វែងរកប្រភពទុនបន្ថែមពីវិស័យឯកជននានា ដែលអាចគាំទ្រដល់ដំណើរអាជីវកម្មបាន អាចជាប្រាក់កម្ចី ឬសហការជាមួយអ្នកវិនិយោគណាមួយជាដៃគូ សម្រាប់អនុវត្តផែនការអាជីវកម្មរយៈពេលខ្លីដែលបានត្រៀមទុក»។
អ្នកជំនាញរូបនេះបានបន្តថា បន្ថែមពីលើអ្វីដែលលើកឡើងខាងលើនេះ ម្ចាស់អាជីវកម្មគួរតែបង្កើនចំណេះដឹងផ្នែកបច្ចេកវិទ្យា ដែលអាចជាមធ្យោបាយល្អក្នុងកិច្ចដំណើរការអាជីវកម្មរបស់ខ្លួនព្រោះបច្ចុប្បន្ន និងបន្តទៅថ្ងៃអនាគតបច្ចេកវិទ្យានឹងដើរតួយ៉ាងសំខាន់ស្ទើរគ្រប់អាជីវកម្មទាំងអស់៕