រាជធានីភ្នំពេញ៖ បើទោះជាស្ថិតនៅក្នុងអំឡុងពេលនៃវិបត្តិកូវីដនាពេលបច្ចុប្បន្ននេះក៏ដោយ ប៉ុន្តែសម្រាប់ទីផ្សារនិងតម្រូវការជាក់ស្ដែង ក្នុងការប្រើប្រាស់ដីនៅតាមតំបន់ជាប់ផ្លូវជាតិលេខ៣នៅតែមាន ហើយតម្លៃក៏មានការកើនឡើងផងដែរ ប៉ុន្តែស្ថិតក្នុងអត្រាតិចតួចប៉ុណ្ណោះ។
អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យកម្ពុជា លោក វ៉ា វីរៈ អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិCentury21 Fortuna Investment បានមានប្រសាសន៍ប្រាប់ឲ្យដឹងថា តម្រូវការប្រើប្រាស់ដីធ្លីនៅតាមបណ្តោយផ្លូវជាតិលេខ៣ គឺនៅតែមានសកម្មភាពជាពិសេសតំបន់ដែលស្ថិតនៅចម្ងាយប្រមាណ៤០គីឡូម៉ែត្រពីរង្វង់មូលចោមចៅនិងតំបន់កៀកនឹងក្រុងកំពតតែម្ដង។
លោក វ៉ា វីរៈ បានបញ្ជាក់យ៉ាងដូច្នេះថា ៖ «តាមខ្ញុំដឹងបច្ចុប្បន្ននេះ សកម្មភាពអភិវឌ្ឍសាងសង់ផ្សេងៗដែលស្ថិតនៅជាប់ផ្លូវជាតិ ដូចជាលំនៅដ្ឋានសហគ្រាស រោងចក្រ និងឃ្លាំងជាដើមគឺនៅតែមាន ជាពិសេសតំបន់ដែលស្ថិតនៅជិតក្រុង»។
លោកបានបញ្ជាក់ថា៖ «សម្រាប់តំបន់ដែលស្ថិតនៅកៀកក្រុងភ្នំពេញ ឬជិតរង្វង់មូលចោមចៅក្នុងចន្លោះ ៣-៥គីឡូម៉ែត្រជាប់ផ្លូវជាតិតែម្ដង តម្លៃដីគឺខ្ពស់បន្តិច អាចស្ថិតនៅក្នុងរង្វង់១០០០ដុល្លារក្នុងម៉ែត្រការ៉េហើយឆ្ងាយជាងនេះក្នុងចន្លោះរង្វង់១០គីឡូម៉ែត្រ អាចស្ថិតនៅរង្វង់ជាង ៣០០ដុល្លារក្នុងមួយម៉ែត្រការ ឬអាចក្រោមនេះបន្តិច ដែលវាអាស្រ័យទៅតាមស្ថានភាពដីនិងទំហំជាក់ស្ដែង។ ដោយឡែកសម្រាប់ចម្ងាយឆ្ងាយពីក្រុងក្នុងរង្វង់ប្រមាណ៣០-៤០គីឡូម៉ែត្រពីរង្វង់មូលចោមចៅតម្លៃធ្លាក់នៅត្រឹម ៨០ ឬ១០០ដុល្លារក្នុងមួយម៉ែត្រការ៉េតែប៉ុណ្ណោះ»។
យ៉ាងណាក៏ដោយ តម្លៃដីទាំងនេះត្រូវបានអ្នកជំនាញរូបនេះអះអាងថា មានការឡើងថ្លៃបន្តិចបន្តួចបើប្រៀបធៀបទៅនឹងឆ្នាំ២០២០កន្លងទៅ ប៉ុន្តែវាអាចកើនឡើងខ្ពស់នៅឆ្នាំបន្ទាប់ ខណៈពេលដែលបញ្ហានៃជំងឺកូវីដត្រូវបានទប់ស្កាត់ដោយជោគជ័យ៕