កំពត​៖ គណៈកម្មការសាងសង់ផ្សារគំរូ ព្រំដែនកម្ពុជា ដែលដឹកនាំដោយ ឯកឧត្តម ប៉ាន់ សូរស័ក្តិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម  បានចុះត្រួតពិនិត្យទីតាំង សម្រាប់សាងសង់ផ្សារគំរូព្រំដែនទី២ នៅខេត្តស្រុកកំពង់ត្រាច ខេត្តកំពត ដោយការសាងសង់នឹងចាប់ផ្ដើមឆាប់ៗនេះ ហើយគ្រោងនឹងបញ្ចប់នៅពាក់កណ្តាលឆ្នាំ ២០២២ ខាងមុខ។ 

ផ្សារគំរូព្រំដែននេះឈ្មោះថា ផ្សារព្រែកចាក នឹងត្រូវសាងសង់លើផ្ទៃដី ២ហិកតា ដែលមានទីតាំងស្ថិតនៅក្នុងភូមិថ្ងូវ ឃុំឬស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច។ ទីតាំងនេះ ស្ថិតនៅជិតច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ជាប់នឹងខេត្តកៀនយ៉ាង របស់ប្រទេសវៀតណាម។ 

តាមការគ្រោងទុក ផ្សារព្រំដែនព្រែកចាកនេះ នឹងត្រូវសាងសង់ដោយប្រើប្រាស់ថវិកាប្រមាណ ២លានដុល្លារ ដែលជាថវិការបស់រដ្ឋាភិបាល។ ក្រោយសាងសង់ចប់ និងដាក់ឱ្យដំណើរការ ផ្សារនេះនឹងក្លាយជាផ្សារព្រំដែនទី២ បន្ទាប់ពីផ្សារពំ្រដែនទី១ ដែលស្ថិតនៅខេត្តត្បូងឃ្មុំ ដែលត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅដើមឆ្នាំ២០១៩។ 

ឯកឧត្តម ប៉ាន់ សូរស័ក្តិ ក្នុងដំណើរទស្សនៈកិច្ចនេះ ក៏បានមានប្រសាសន៍ថា ផ្សារព្រំដែនទី៣ នឹងត្រូវសាងសង់ឡើងនៅខេត្តស្វាយរៀង៕